ប្រមុខ UN អង្វរសុំ “ខ្សែជីវិត” សម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន រស់នៅជាមួយតាលីបង់

0
56

ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃច័ន្ទ ទី១៣ ខែកញ្ញា បានជំរុញឱ្យសហគមន៍អន្តរជាតិចូលរួមជាមួយតាលីបង់ និងផ្តល់ “ខ្សែជីវិត” នៃជំនួយដែលត្រូវការយ៉ាងខ្លាំង ដល់ប្រជាជនអាហ្វហ្គានីស្ថាន ខណៈជើងហោះហើរពាណិជ្ជកម្មបរទេសដំបូង បានចាកចេញពីទីក្រុងកាប៊ុល ដែលជាសញ្ញានៃក្តីសង្ឃឹមសម្រាប់អ្នកដែលនៅតែព្យាយាមចាកចេញពីប្រទេស។ លោក Guterres បានស្ថិតនៅទីក្រុងហ្សឺណែវ ដើម្បីរៀបចំសន្និសីទប្រទេសផ្តល់ជំនួយ ដែលមានបំណងរៃអង្គាសប្រាក់ឲ្យបានរាប់រយលានដុល្លារ សម្រាប់ប្រទេសដែលហែកហួរដោយអំពើហិង្សា ត្រូវបានក្រុមតាលីបង់គ្រប់គ្រងកាលពីខែមុន ដែលធ្វើឱ្យ កងទ័ពអាមេរិកដកថយយ៉ាងតក់ក្រហល់។ ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក Matin Griffiths បាននិយាយថា ប្រទេសផ្តល់ជំនួយបានសន្យាផ្តល់ជំនួយសរុបចំនួន ១,២ ពាន់លានដុល្លារ ប៉ុន្តែមិនបាននិយាយថា ត្រូវកំណត់ចំនួនប៉ុន្មានសម្រាប់ការអំពាវនាវភ្លាមៗរបស់អង្គការសហប្រជាជាតិ ចំនួន ៦០០ លានដុល្លារ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ឆ្នាំនេះទេ។ ការអំពាវនាវនេះត្រូវបានធ្វើឡើង ចំពេលមានការភ័យខ្លាចថា កង្វះអាហារូបត្ថម្ភកំពុងកើតមានឡើងសម្រាប់មនុស្សជាច្រើន សូម្បីតែការអត់ឃ្លាន ព្រមជាមួយនឹងការផ្លាស់ទីលំនៅយ៉ាងច្រើននៅក្នុងប្រទេស និងរដូវរងាដែលកាន់តែខិតជិតមកដល់។ លោក Guterres បាននិយាយថា លោកជឿជាក់ថា ជំនួយអាចត្រូវបានប្រើជាកម្លាំងជំរុញដល់ក្រុមជ្រុលនិយមអ៊ីស្លាម ដើម្បីធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្ស ចំពេលមានការភ័យខ្លាចនៃការវិលត្រឡប់ទៅរករបបឃោរឃៅរបស់របបតាលីបង់ពីឆ្នាំ១៩៩៦ ដល់ ឆ្នាំ២០០១។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រាប់រដ្ឋមន្ត្រី ដែលចូលរួមកិច្ចពិភាក្សាទីក្រុងហ្សឺណែវថា “តាមការពិតទៅ វាមិនអាចទៅរួចទេ ក្នុងការផ្តល់ជំនួយមនុស្សធម៌នៅអាហ្វហ្គានីស្ថាន ដោយមិនមានការចូលរួមពីអាជ្ញាធរនោះ”។ “វាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមជាមួយតាលីបង់នៅពេលបច្ចុប្បន្ននេះ”។ លោក Guterres បានជំរុញឱ្យប្រទេសនានា “រកវិធីអនុញ្ញាតឱ្យមានការចាក់បញ្ចូលសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន” ដើម្បីបញ្ចៀសការដួលរលំទាំងស្រុង ដែលនឹងមាន “ផលវិបាកបំផ្លិចបំផ្លាញ” សម្រាប់អាហ្វហ្គានីស្ថាន។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនគិតថា ប្រសិនបើអាជ្ញាធររបស់ប្រទេសណាមួយប្រព្រឹត្តខុសនោះ ដំណោះស្រាយ គឺធ្វើទណ្ឌកម្មដល់ប្រជាជនរបស់ពួកគេនោះទេ”៕ (AFP ថ្ងៃទី១៣ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here