លោក បៃដិន នឹងរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំ Quad នៅថ្ងៃទី២៤ ខែកញ្ញា

0
26

មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់រ៉យទ័រកាលពីថ្ងៃច័ន្ទ ទី១៣ ខែកញ្ញាថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូង នៃមេដឹកនាំប្រទេសទាំងបួន គឺអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ។ មន្ត្រីរូបនោះបាននិយាយថា កិច្ចប្រជុំកំពូលនឹងត្រូវធ្វើឡើងនៅសេតវិមាន នៅថ្ងៃទី២៤ ខែកញ្ញា។ នាយករដ្ឋមន្រ្តីអូស្រ្តាលី ឥណ្ឌា និងជប៉ុន គឺលោក Scott Morrison, លោក Narendra Modi និងលោក Yoshihide Suga ត្រូវបានគេរំពឹងថា នឹងមកដល់សហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ កិច្ចប្រជុំនៃមេដឹកនាំ Quad ដែលបានកំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការ នៅចំពោះមុខការកើនឡើងនៃអំណាច និងភាពរឹងមាំរបស់ចិន ត្រូវបានធ្វើឡើងកាលពីខែមីនាកន្លងមក។ នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំបានសន្យាថា នឹងធ្វើការយ៉ាងជិតស្និទ្ធលើវ៉ាក់សាំងកូវីដ១៩ និងអាកាសធាតុ និងដើម្បីធានាបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ មន្រ្តីជាន់ខ្ពស់រូបនេះ បានប្រាប់រ៉យទ័រថា “ការធ្វើជាម្ចាស់ផ្ទះនៃក្រុម Quad បង្ហាញពីអាទិភាពរបស់រដ្ឋបាលបៃដិន-ហារីស ក្នុងការចូលរួមក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងការកំណត់រចនាសម្ព័ន្ធពហុភាគីថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសតវត្សរ៍ទី២១”។ អ្នកសម្របសម្រួលតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់លោក Biden គឺលោក Kurt Campbell បាននិយាយកាលពីខែកក្កដាថា កិច្ចប្រជុំដោយផ្ទាល់ដែលបានគ្រោងទុកជាយូរមកហើយ គួរតែនាំមកនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការទូត និងហេដ្ឋារចនាសម្ព័ន្ធវ៉ាក់សាំង។ លោក បៃដិន ដែលកំពុងជំរុញការចំណាយលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស បាននិយាយកាលពីខែមីនាថា លោកបានស្នើទៅនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ថា ប្រទេសប្រជាធិបតេយ្យគួរតែមានផែនការហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រកួតប្រជែងជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដ៏ធំរបស់ចិន ដែលពាក់ព័ន្ធនឹងគម្រោងពីអាស៊ីបូព៌ាទៅអឺរ៉ុប។ មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះ បាននិយាយថា មេដឹកនាំ Quad នឹង “ផ្តោតលើការធ្វើឱ្យចំណងទាក់ទងកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានា ដូចជា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការដោះស្រាយវិបត្តិអាកាសធាតុ ភាពជាដៃគូលើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងការលើកកម្ពស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ”។ គំនិតផ្តួចផ្តើមវ៉ាក់សាំងពីកិច្ចប្រជុំកំពូលលើកដំបូង បានជាប់គាំងបន្ទាប់ពីប្រទេសឥណ្ឌាដែលជាប្រទេសផលិត វ៉ាក់សាំងធំជាងគេនៅលើពិភពលោក ត្រូវបានវាយប្រហារដោយរលកនៃការឆ្លងកូវីដ១៩ និងបញ្ឈប់ការនាំចេញវ៉ាក់សាំង។ នៅឯកិច្ចប្រជុំកំពូលកាលពីខែមីនា មេដឹកនាំទាំងបួន បានព្រមព្រៀងគ្នាថា ក្រុមហ៊ុនផលិតថ្នាំឥណ្ឌា Biological E Ltd នឹងផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងតិច មួយពាន់លានដូស នៅត្រឹមចុងឆ្នាំ ២០២២ ជាពិសេស សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ សារព័ត៌មានក្យូដូរបស់ជប៉ុន បានរាយការណ៍កាលពីសប្តាហ៍មុនថា លោក ស៊ូហ្គា នឹងបំពេញទស្សនកិច្ចនៅវ៉ាស៊ីនតោន ក្នុងខែនេះ សម្រាប់កិច្ចប្រជុំលើកទី៤ ទោះបីជាអាណត្តិមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោក ដែលកំពុងកាន់អំណាចនឹងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញាក៏ដោយ៕ (Reuters ថ្ងៃទី១៤ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here