ត្រឹមរយៈពេល២ថ្ងៃ ផ្លែមៀនប៉ៃលិន ដែលកសិករកំពុងជួបបញ្ហាទីផ្សារនាំចេញ ដឹកមកកាន់ខេត្តត្បូងឃ្មុំ ត្រូវបានលក់អស់ចំនួន ៤៥តោន ។

0
52

ខេត្តត្បូងឃ្មុំៈ រយៈពេល២ថ្ងៃ នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា ឆ្នាំ២០២១ ផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន) ជាកសិផលរបស់ខ្មែរ កំពុងជួបបញ្ហាទីផ្សារក្នុងការនាំចេញ ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រមូលទិញពីកសិករក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង យកមកលក់ជូនពុកម៉ែបងប្អូននៅក្នុងខេត្តត្បូងឃ្មុំ ខណៈខេត្តដ៏ទៃផ្សេងទៀត បានដឹកទៅលក់ដល់ខេត្តនីមួយៗដូចៗគ្នា ។
ក្នុងយុទ្ធនាការជួយទីផ្សារកសិករដែលដាំផ្លែមៀនប៉ៃលិន នាំយកមកលក់នៅខេត្តត្បូងឃ្មុំនេះ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រូវបានដាក់លក់នៅទីតាំងរង្វង់មូលមុខសាលាខេត្ត ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។
ដោយមានការចូលរួមសហការយ៉ាងល្អពីសំណាក់មន្ត្រីរាជការសាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត យុវជនស.ស.យ.ក ពិសេសបងប្អូនប្រជាពលរដ្ឋ នៅចាំជួយទិញយ៉ាងច្រើនកុះករ ផ្លែមៀនប៉ៃលិន ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកមកលក់ជូនប្រជាពលរដ្ឋចំនួនប្រមាណ៤៥តោន ក្នុងតម្លៃខាតដើមត្រឹមតែ ១.៩០០រៀល ក្នុង១គីឡូក្រាម ត្រូវបានលក់ដាច់អស់គ្មានសល់ ។
ការលក់ខាតដើមនេះ គឺអ្នកឧកញ៉ា បានប្រមូលទិញពីកសិករក្នុងតម្លៃ១៩០០រៀល ក្នុង១គីឡូក្រាម ហើយលក់ចេញវិញត្រឹមតែ ១៩០០រៀល ក្នុងមួយគីឡូក្រាមដដែរ ។
បើតាមការឲ្យដឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំពោះការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង តាមរថយន្តមកលក់ក្នុងតម្លៃខាតដើម ជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ក៏ដូចជាតាមបណ្តាខេត្តនានានេះ គឺដើម្បីឱ្យអ្នករស់នៅទីនោះបានភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់នៃផ្លែឈើខ្មែរយើងផង និងបានរួមចំណែកជួយរំលែកទីផ្សារក្នុងស្រុក ក្នុងទិសស្លោកដែលមិនអាចបំភ្លេចបានគឺ «ខ្មែរជួយខ្មែរក្នុងគ្រាលំបាក» ខណៈដែលស្ថិតក្នុងវិបត្តិការរីករាលដាលជំងឺកូវីដ១៩ កសិផលធម្មជាតិរបស់ប្រជាកសិករខ្មែរមួយប្រភេទនេះ កំពុងខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស។
សូមជម្រាបថា កាលពីចុងខែសីហាកន្លងទៅ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានអញ្ជើញទទួលផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន) ចំនួន ៥តោន ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រមូលទិញពីកសិករ នាំយកមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីទុកចែកជូនដល់មន្ត្រីជួរមុខ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តផងដែរ ៕
សាន វិឡែម ១៤.៩.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here