រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានផ្តល់សក្ខីកម្មកាលពីថ្ងៃចន្ទ នៅចំពោះមុខគណៈកម្មការសភា ដែលពិនិត្យមើលការដកកងទ័ពប្រកបដោយភាពចលាចល ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយបានបញ្ចប់សង្គ្រាម ២ទសវត្សរ៍របស់ខ្លួន ដែលជារយៈពេលយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ ពួកសមាជិកសភាខាងគណបក្សសាធារណរដ្ឋ ដែលជាគណបក្សប្រឆាំង និងសហការីខាងគណបក្សប្រជាធិបតេយ្យខ្លះរបស់លោកប្រធានាធិបតី Joe Biden បានវាយប្រហារទៅលើចំណាត់ការរបស់លោក ចំពោះការដកកងទ័ពអាមេរិក ពលរដ្ឋអាមេរិក និងពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលបានធ្វើការឲ្យកងទ័ពសហរដ្ឋអាមេរិក ជាអ្នកបកប្រែភាសា និងទីប្រឹក្សាក្នុងអំឡុងនៃសង្គ្រាមនោះ។ ការរិះគន់នេះបានកើតឡើង បន្ទាប់ពីទាហានសហរដ្ឋអាមេរិក ចំនួន ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតមួយ នៅឯចំណតអាកាសយានដ្ឋានក្រុងកាប៊ុល ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការបិទបញ្ចប់ការដកកងទ័ពអាមេរិក។ ក្រុមរដ្ឋអ៊ីស្លាម Khorasan ជាក្រុមភេរវកម្មដែលប្រតិបត្តិការនៅក្នុងតំបន់មជ្ឈឹមបូព៌ាបានប្រកាសអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ លោក Blinken បានបង្ហាញខ្លួននៅថ្ងៃអង្គារនេះ នៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា។ ការស្ទង់មតិជាតិរបស់អ្នកបោះឆ្នោតអាមេរិក បង្ហាញនូវការគាំទ្រដល់ការសម្រេចរបស់លោកប្រធានាធិបតី Biden ដើម្បីបញ្ចប់នូវអ្វីដែលលោកប្រធានាធិបតី បានហៅថា «សង្គ្រាមយូរអង្វែង» នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក Blinkenជាអ្នកការទូតកំពូលសហរដ្ឋអាមេរិក ទំនងជាប្រឈមសំណួរដ៏តឹងតែង នៅថ្ងៃអង្គារនេះ អំពីថា តើហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនចាប់ផ្តើមជម្លៀសពលរដ្ឋអាមេរិកឲ្យបានឆាប់រហ័សជាងនេះ ជាពិសេស ចាប់តាំងពីលោកប្រធានាធិបតី Biden បានប្រកាសកាលពីខែមេសា អំពីការដកកងទ័ពអាមេរិក ដើម្បីគោរពកិច្ចព្រមព្រៀងរបស់អតីតប្រធានាធិបតី Donald Trump ជាមួយក្រុមតាលីបង់ ដើម្បីបញ្ចប់សង្គ្រាម៕ (Reuters ថ្ងៃទី១៣ ខែកញ្ញា)