កម្ពុជា នំាចេញទំនិញទៅចិន រយៈពេល ៨ខែ កើនជាង ៥០%

0
62

ប្រទេសកម្ពុជា បាននាំចេញទំនិញទៅ ប្រទេសចិន នៅក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២១ សម្រេចបានជាង ៩៦៤លានដុល្លារ កើនឡើង ៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ទោះបីជាមានការរំខាន ដោយការរីករាលដាលនៃជម្ងឺកូវីដ១៩ ប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្មមួយចំនួនក៏ដោយ។

 ទិន្នន័យនាំចេញ នាំចូលទំនិញ ដែលភីអិនអិនទទួលបានពីឯកឧត្តមសៀង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបង្ហាញថា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១ កម្ពុជានាំទំនិញទៅសាធារណរដ្ឋប្រជាមានិតចិនក្នុងតម្លៃជាង ៩៦៤លានដុល្លារ កើន ៥១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមាន ៦៣៧ លានដុល្លារអាមេរិក។

ឯកឧត្តមបន្តថា ចំណែកការនាំទំនិញពីចិន មកកម្ពុជាមានតម្លៃ ៥ពាន់៩៣៣ លានដុល្លារ កើនឡើង ៣៤ ភាគរយពីចំនួន ៤ពាន់៤២៤លានដុល្លារ។ ឯកឧត្តម សៀង ថៃ បញ្ជាក់ថា តាមតួលេខនេះបង្ហាញច្បាស់ទំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិនក៏ព្រោះតែការនាំចេញរបស់កម្ពុជាទៅចិនកើនជាង ៥១ភាគរយ និងការនាំចូលកើនជាង ៣៤ភាគរយ។

ទាក់ទងទៅនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិននេះដែរ ត្រូវបានទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី បានអះអាងថា រដ្ឋាភិបាលចិន នឹងនាំយកផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែច្រើន ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ ជូនប្រជាកសិករខ្មែរបន្តទៀតផងដែរ។

ឯកឧត្តម វ៉ាង យី លើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ និងជាមួយគ្នានេះប្រមុខរាជារដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ពីលទ្ធផលនៃកិច្ចប្រជុំ ជាមួយទីប្រឹក្សាចិន យ៉ាងដូច្នេះថា ចិនក៏កំពុងបើកទូលាយទីផ្សារហើយ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាន នៅពេលខាងមុខ ដែលកម្ពុជា អាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។

សូមជម្រាបថា មុខទំនិញដែលកម្ពុជានាំចេញទៅប្រទេសចិនកន្លងមកភាគច្រើនសម្លៀកបំពាក់ ស្បែកជើង កសិផល អង្ករ ដំឡូងមី កង់ និងគ្រឿងបង្គំអគ្គីសនីជាដើម និងដោយដោយចំពោះមុខទំនិញដែលចិននាំចូលមកកម្ពុជាវិញរួមមាន ប្រេងឥន្ទនៈ ថ្នាំសំលាប់សត្វល្អិត  រថយន្ត គ្រឿងឧបភោគបរិភោគ វត្ថុធាតុដើមបម្រើដល់ឧស្សាហកម្មកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង និងវត្ថុធាតុដើមបម្រើដល់វិស័យឧស្សាហកម្មសំណង់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here