ជប៉ុន និងវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ចំពេលមានការព្រួយបារម្ភពីចិន

0
253

ជប៉ុនអាចផ្តល់ឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិដល់ប្រទេសវៀតណាម ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ចំពេលមានការព្រួយបារម្ភអំពីឥទ្ធិពលយោធាចិនដែលកំពុងកើនឡើង។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi បាននិយាយថា កិច្ចព្រមព្រៀងនេះលើកកម្ពស់ភាពជាដៃគូការពារជាតិ “ដល់កម្រិតថ្មីមួយ” ហើយថា ជប៉ុន និងវៀតណាមមានគម្រោងធ្វើឱ្យទំនាក់ទំនងការពារជាតិកាន់តែស៊ីជម្រៅ តាមរយៈសមយុទ្ធរួមគ្នាពហុជាតិ និងមធ្យោបាយផ្សេងទៀត។ ក្រសួងបាននិយាយថា ព័ត៌មានលម្អិតអំពីការផ្ទេរឧបករណ៍ជាក់លាក់ រួមទាំង នាវាកងទ័ពនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចពិភាក្សាជាបន្តបន្ទាប់។ កិច្ចប្រជុំរបស់លោក Kishi ជាមួយសមភាគីវៀតណាមលោក ផាន់វ៉ាន់យ៉ាង នៅទីក្រុងហាណូយ គាប់ជួននឹងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅរដ្ឋធានីហាណូយរបស់រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី។ លោក វ៉ាងយី បាននិយាយថា ប្រទេសចិនមានគម្រោងបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ចំនួន ៣ លានដូស ដល់ប្រទេសវៀតណាម។ កិច្ចព្រមព្រៀងជប៉ុន-វៀតណាមកើតឡើង ពីរសប្តាហ៍ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសអាស៊ីអាគ្នេយ៍។ ក្នុងដំណើរទស្សនកិច្ចនេះលោកស្រី Harris បានជំរុញឱ្យប្រទេសទាំងអស់ក្រោកឈរប្រឆាំងនឹង“ ការសម្លុតគំរាមកំហែង” ពីចិននៅសមុទ្រចិនខាងត្បូង។ វៀតណាម គឺជាប្រទេសទី១១ ដែលជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យា។ ទីក្រុងតូក្យូកំពុងសម្លឹងមើលការពង្រីកកិច្ចសហប្រតិបត្តិការយោធាលើសពីសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួនសហរដ្ឋអាមេរិកហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយអង់គ្លេស អូស្ត្រាលី ហ្វីលីពីន និងឥណ្ឌូនេស៊ី៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here