ភ្នំពេញ: ករណីប៉ូលិសអនុវត្តការត្រួតពិនិត្យបទល្មើសចរាចរណ៍ រហូតដល់វាយបែកក្បាលនារីម្នាក់ កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ គឺនារីរងរបួសដែលជាអ្នករួមដំណើរជាមួយជនល្មើសច្បាប់ចរាចរណ៍ បានទាមទារសំណងមួយម៉ឺនដុល្លារ។ ចរចាមិនត្រូវរ៉ូវគ្នា ក៏បញ្ជូនប៉ូលិសខណ្ឌ ៧មករា ដែលជាជនដៃដល់ ទៅតុលាការ។នារីរូបនេះក៏មិនបានពាក់មួកសុវត្ថិភាពដែរក្នុងពេលធ្វើដំណើរ។
ហេតុការណ៍នោះបានកើតឡើងកាលពីម៉ោងជិត៨យប់ថ្ងៃទី៨ខែកញ្ញានៅប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសនិងច្បាប់ចរាចរណ៍របស់សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា នៅម្ដុំអាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិកតាមបណ្ដោយ ផ្លូវ ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មន្ត្រីប៉ូលិសដែលវាយនារីម្នាក់ ឲ្យបែកក្បាល ដោយសារតែជិះម៉ូតូមិនពាក់មួក ហើយរត់គេចពីប៉ូលិសនោះ ឈ្មោះ ម៉ាត់ ពិសី អាយុ ៣០ឆ្នាំ មានឋានន្តរស័ក្តិ អនុសេនីយ៍ទោ បម្រើការងារនៅផ្នែកអន្តរាគមន៍នៃអធិការដ្ឋាន នគរបាលខណ្ឌ ៧មករា រាជធានីភ្នំពេញ។ ប៉ូលិសរូបនេះ ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ ៧មករា កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដោយចោទប្រកាន់ពីបទហិង្សាតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។
សំណុំរឿងដដែលនោះ ប៉ូលិសក៏បានចោទប្រកាន់លើអ្នកបើកបរម៉ូតូ មិនគោរពច្បាប់ចរាចរណ៍ ឈ្មោះ ងន សិលា ភេទប្រុស អាយុ ១៨ឆ្នាំ ពីបទមិនគោរពបង្គាប់បញ្ជា តាមមាត្រា ៥៤១ នៃក្រមព្រហ្មទណ្ឌ។ សំណុំរឿងនេះ បានស្ថិតនៅក្នុងដៃលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។
ឈ្មោះ ងន សិលា ជាអ្នកបើកបរម៉ូតូ ដឹកនារីម្នាក់ ដែលលោកប៉ូលិស ម៉ាត់ ពិសី វាយនឹងអាយឌី បែកក្បាល កាលពីយប់ថ្ងៃទី៨ ខែកញ្ញាដោយសារតែអ្នកទាំងពីរ មិនពាក់មួកសុវត្ថិភាព ហើយពេលក្រុមប៉ូលិស ស្ទាក់ឃាត់ បែរជាបើកម៉ូតូ បកក្រោយយ៉ាងលឿន ហើយលោកប៉ូលិស ម៉ាត់ ពិសី ចេញស្ទាក់ និងវាយលើអ្នកជិះម៉ូតូតែម្តង។
សេចក្តីរាយការណ៍ បានឲ្យដឹងថា សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមន្ត្រីនគរបាល ម៉ាត់ ពិសី ដែលប្រើអាយឌី វាយបែកក្បាលនារីជិះម៉ូតូនោះ ដោយសារតែដោះស្រាយសំណងរដ្ឋប្បវេណីមិនត្រូវរ៉ូវគ្នា។ ខាងស្ត្រីបែកក្បាល ទាមទារប្រាក់សំណង ក្នុងការថ្លៃព្យាបាល រហូតដល់ទៅមួយម៉ឺនដុល្លារអាម៉េរិក។ ចំណែកមន្ត្រីនគរបាល ម៉ាត់ ពិសី មិនមានលទ្ធភាពសងទេ។
វិដេអូនៃហេតុការណ៍ប៉ូលិសវាយជនល្មើសជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយជិះរត់ បកក្រោយ បញ្ច្រាសទិស ដែលបង្ហោះចែកចាយតាមបណ្តាញសង្គម បង្ហាញថា មុនពេលកើតហេតុ បុរស និងស្ត្រីពីរនាក់បងប្អូន បានជិះម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព ជិះនៅតាមបណ្ដោយផ្លូវ ២១៥ មកដល់ម្ដុំអាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ចំណុចគោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាល យកទិទ្យុទាកទង ID វាយ បណ្តាលឲ្យនារីជិះខាងក្រោយ បែកក្បាល (ដេរ ៣ថ្នេរ) និងធ្លាក់ពីលើម៉ូតូ។
កើតហេតុនេះ នាំឲ្យមានមតិ ថ្កោលទោសយ៉ាងខ្លាំងលើមន្ត្រីនគរបាល ដែលប្រើហិង្សាហើយក៏មានមតិមួយចំនួន ទៀត បន្ទោសទៅភាគីខាងម៉ូតូ ដែលល្មើសច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ហើយព្យាយាមបើក ម៉ូតូរត់គេច រហូតដល់ក្លាយជារឿងរ៉ាវដូច្នេះ។
សំណុំរឿងនេះ ប៉ូលិស ដែលជាអ្នកអនុវត្តច្បាប់ ក្លាយជាជនល្មើស ខណៈដែលជនល្មើសនឹងច្បាប់ចរាចរណ៍ ក្លាយជាជនរងគ្រោះទៅវិញ។
ករណីចុងក្រោយនេះ គួរតែគិតគូរឡើងវិញ លើឥរិយាបថ និងរបៀបអនុវត្តច្បាប់របស់អាជ្ញាធរសមត្ថកិច្ច តើគួរធ្វើបែបណា ដើម្បីកុំឲ្យក្លាយទៅជាជនល្មើស? តែបើប៉ូលិស មានរបៀបស្ទាក់ចាប់ជនល្មើស ប្រសើរជាងនេះ គឺមិនមានរឿងហេតុកើតឡើងទេ។ ពោលគឺប៉ូលិសសមត្ថកិច្ច និងអាជ្ញាធរ ត្រូវអនុវត្តច្បាប់ ដោយទន់ភ្លន់ តែម៉ឺងម៉ាត់ តាមវិជ្ជាជីវៈ និងឆ្លងកាត់ការហ្វឹកហ្វឺន នៅសាលារៀនត្រឹមត្រូវ។ ចំណែកសម្ភារៈ មធ្យោបាយ ឧបករណ៍ក្នុងការ អនុវត្តច្បាប់ ក៏ថ្នាក់ដឹកនាំ ត្រូវគិតគូរ និងផ្តល់ឲ្យគ្រប់គ្រាន់ ដើម្បីកុំឲ្យប្រើប្រាស់ ID វាយគេទៀត។
ចំពោះជនល្មើសករណីនេះក៏គួរតែធ្វើច្បាប់ពិសេសមួយដើម្បីផ្តល់អាទិភាពដល់អាជ្ញាធរសមត្ថកិច្ចមានសិទ្ធិក្នុងការអនុវត្តច្បាប់។ តែក៏មិនមែនមានន័យថា បានច្បាប់ពិសេសដូច្នេះហើយ អាជ្ញាធរសមត្ថកិច្ច អនុវត្តដោយទំនើងចិត្ត ខុសវិជ្ជាជីវៈ ខុសក្រមសីលធម៌ និងធ្វើជាលេសប្រព្រឹត្តអំពើផ្តេសផ្តាស់នោះទេ។
ដោយឡែក ជនល្មើស ដែលពេលនេះ ក្លាយជាជនរងគ្រោះ ក៏ត្រូវតែមានស្មារតីទទួលខុសត្រូវ ធ្វើជាពលរដ្ឋល្អ ដែលជាអ្នកគោរពច្បាប់។ សូម្បីតែពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរ និងពេលបើកបរម៉ូតូដើម្បីតែការពារក្បាល ខ្លួនឯង ធ្វើមិនបានផង តើទៅគោរពអ្វីបាន? ហើយបើខុសហើយ ពេលប៉ូលិស ហៅឃាត់ និងស្ទាក់ចាប់ ហេតុអ្វី មិនឈប់តាមសម្រួល បង់ការផាកពិន័យតាមច្បាប់ ត្រឹមតែ ៦ម៉ឺនរៀល ក្នុងម្នាក់សោះ ម៉េចក៏គេច?ឬក៏មានបទល្មើស អ្វីផ្សេងទៀត ទើបនាំរឿងរ៉ាវដូច្នេះ?
ករណីប៉ូលិស អនុវត្តច្បាប់ រហូតដល់បង្ករបួសដល់ជនល្មើស បែកក្បាល ក្នុងពេលរត់គេចនេះក៏គួរតែផ្តល់យុត្តិធម៌ ដល់ប៉ូលិសនោះផង។ បើជ្រុលដៃ ឃាត់ស្ទាក់ដូច្នេះ ហើយក្លាយជាជនល្មើស តើនឹងមានអាជ្ញាធរសមត្ថកិច្ចណា ហ៊ានចេញធ្វើទៀត? បើឲ្យតែបង្កគ្រោះថ្នាក់ដល់ជនល្មើស ត្រូវជនល្មើសប្តឹងចាប់ដាក់គុកទារសំណងថែមទៀត នោះ៕
ប្រភព : រស្មីកម្ពុជា