WHO បន្តជំទាស់នឹងការចាក់វ៉ាក់សាំងដូសទី៣ និងស្នើឲ្យយកដូសទី៣ ទៅជួយអ្នកក្រ

0
78

លោក ទេដ្រូស អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងថា៖ «ខណៈនេះ យើងមិនចង់ឃើញឲ្យមានការចាក់វ៉ាក់សាំងដូសទី៣ ជាលក្ខណៈទូទៅ លើក្រុមមនុស្សដែលមានសុខភាពល្អ និងដែលបានចាក់ចំនួន ពីរ ដូសរួចហើយនោះទេ»។ លោកបានបន្ថែមថា លោកនឹងមិននៅស្ងៀមជាដាច់ខាត នៅពេលដែលឃើញក្រុមហ៊ុន និងក្រុមប្រទេសដែលគ្រប់គ្រងការផ្គត់ផ្គង់ចែកចាយវ៉ាក់សាំងសកល គិតថា ក្រុមប្រទេសអ្នកក្រលើពិភពលោកត្រូវតែពេញចិត្តនឹងរបស់ដែលនៅសល់នោះ(ចង់សំដៅលើវ៉ាក់សាំង ដែលក្រុមប្រទេសអ្នកមានប្រើមិនអស់ ឬ ក៏វ៉ាក់សាំងដែលក្រុមប្រទេសអ្នកមានមិនប្រើ)។ នៅដើមខែសីហាកន្លងទៅ លោក ទេដ្រូស បានស្នើឲ្យផ្អាកការចាក់វ៉ាក់សាំងដូសទី៣ រហូតចុងខែកញ្ញា តែសំណើនេះត្រូវបានក្រុមប្រទេសអ្នកមានជាច្រើនជំទាស់ និងថែមទាំងបានបើកយុទ្ធនាការចាក់ដូសទី៣ នេះទៀត។ កាលពីថ្ងៃពុធ ទី៨ ខែកញ្ញា លោក ទេដ្រូស បានអំពាវនាវជាថ្មី ដោយលើកនេះបានស្នើឲ្យផ្អាកការចាក់វ៉ាក់សាំងដូសទី៣ រហូតដល់ដំណាច់ឆ្នាំ២០២១ នេះទៀតផង។ កម្មវត្ថុរបស់លោក ទេដ្រូស គឺចង់បង្វែរវ៉ាក់សាំងដូសទី៣ នេះ ទៅឲ្យប្រជាជនស្ថិតក្នុងក្រុមប្រទេសក្រីក្រ ដែលអត្រាចាក់វ៉ាក់សាំងនៅទាបខ្លាំង។ អាមេរិកតាមរយៈអ្នកនាំពាក្យសេតវិមាន បានបញ្ចេញប្រតិកម្មតបថា អាមេរិកធ្វើទាំងពីរ គឺចាក់ដូសទី៣ ឲ្យពលរដ្ឋអាមេរិកផង និងយកវ៉ាក់សាំងទៅជួយក្រុមប្រទេសក្រីក្រផង។ អង្គការសុខភាពពិភពលោកបានផ្តល់វ៉ាក់សាំងទៅឲ្យក្រុមប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម តាមរយៈយន្តការកូវ៉ាក់ ដោយសង្ឃឹមមានវ៉ាក់សាំងចំនួន ២ពាន់លានដូស នៅមុនដំណាច់ឆ្នាំ២០២១។ តែនៅក្នុងការព្យាករណ៍ចេញផ្សាយកាលពីថ្ងៃពុធ ទី៨ ខែកញ្ញា កូវ៉ាក់សង្ឃឹមទទួលបានតែ ១ ៤២៥ លានដូសប៉ុណ្ណោះ។ កម្មវត្ថុរបស់អង្គការសុខភាពពិភពលោកនៅទូទាំងពិភពលោក គឺចាក់ឲ្យបានយ៉ាងតិច ១០% នៃប្រជាជនសរុបក្នុងលោក នៅមុនដាច់ខែកញ្ញា ឲ្យបានយ៉ាងតិច ៤០% នៅមុនដាច់ឆ្នាំ២០២១ និងឲ្យបាន ៧០% នៅពាក់កណ្តាលឆ្នាំ២០២២៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here