វិបត្តិកូវីដ១៩ ធ្វើឲ្យក្មេងអាស៊ីខាងត្បូង ជាង ៤៣៤ លាននាក់ ខកខានមិនបានទៅសាលា

0
182

របាយការណ៍របស់អង្គការយូនីសេហ្វ បានបង្ហាញថា នៅមុនជំងឺរាតត្បាតកូវីដ១៩ លេចមុខនៅចុងឆ្នាំ២០១៩ កុមារអាយុ ១០ឆ្នាំ នៅតំបន់អាស៊ីខាងត្បូង ជិត ៦០% មិនចេះអានអក្សរ ឬ មើលយល់អត្ថបទសាមញ្ញ ដែលជាមូលដ្ឋានគ្រឹះ។ អង្គការយូនីសេហ្វ បារម្ភថា ការបន្តបិទសាលារៀន ដោយសារតែជំងឺរាតត្បាតកូវីដ១៩ នឹងធ្វើឲ្យស្ថានភាពអវិជ្ជារបស់កុមារកាន់តែធ្លាក់ចុះអាក្រក់មួយកម្រិតបន្ថែមទៀត។ នៅតាមបណ្តាប្រទេសក្រីក្រមួយចំនួន វិធានការរឹតបន្តឹងសុខភាពបានបណ្តាលឲ្យសាលារៀន មណ្ឌលដែលទទួលបានជំនួយពីអង្គការ អន្តរជាតិត្រូវបិទទ្វារ នេះហេតុផលសំខាន់មួយ ធ្វើឲ្យកុមារមកពីគ្រួសារក្រីកត្រូវបាត់បង់ទាំងឱកាសរៀនសូត្រ និងជំនួយអាហារូបត្ថម្ភ។ ក្មេងស្រី កូនអ្នកក្រ និងកុមារកំព្រា ពិការ ជាអ្នករងគ្រោះខ្លាំងជាងគេ ដោយសារតែសាលារៀនត្រូវបិទទ្វារ និងត្រូវជំនួសមកវិញ ដោយការសិក្សាតាមអនឡាញ។ នៅឥណ្ឌា ៨០% នៃយុវជនអាយុចន្លោះ ១៤ និង ១៨ឆ្នាំ បាននិយាយថា ពួកគេបានរៀនសូត្រតិចជាងមុន បើប្រៀបធៀបនឹងការរៀនផ្ទាល់នៅក្នុងថ្នាក់។ ចំណែក កុមារឥណ្ឌា អាយុពី ៦ ទៅ ១៣ឆ្នាំ ចំនួន ៤២% និយាយថា ពួកគេគ្មានមធ្យោបាយដើម្បីរៀនតាមអនឡាញទេ។ នៅប៉ាគីស្ថានវិញ ក្មេងសាលា ប្រមាណ ២៣% អះអាងថា ពួកគេគ្មានឧបករណ៍អេឡិចត្រូនិក ដើម្បីអាចចូលរៀនតាមអនឡាញទេ។ របាយការណ៍របស់យូនីសេហ្វ បង្ហាញដែរថា ឪពុកម្តាយរបស់ក្មេងនៅស្រីលង្កាបានត្អូញត្អែរពីការសិក្សារៀនសូត្រយឺតយ៉ាវ ក្នុងកាលៈទេសៈកូវីដ១៩។ អង្គការយូនីសេហ្វបានអំពាវនាវឲ្យគ្រូបង្រៀនពិនិត្យមើលឡើងវិញ សមត្ថភាពកម្រិតចំណេះដឹងរបស់សិស្ស មុននឹងបន្តមេរៀនទៅមុខ។ គ្រូបង្រៀនត្រូវបង្រៀនបន្ថែម ដើម្បីបំពេញបង្រ្គប់ចំណេះដឹង ដែលក្មេងសាលាខកខានមិនបានទទួល ដោយសារតែសាលាត្រូវបិទទ្វារ។ អង្គការផ្នែកកុមាររបស់អង្គការសហប្រជាជាតិទាមទារផងដែរ ឲ្យរដ្ឋាភិបាលផ្តល់អាទិភាពចាក់វ៉ាក់សាំងដល់គ្រូបង្រៀន និងបណ្តុះបណ្តាលពួកគេឲ្យអាចមានសមត្ថភាព បង្រៀនសិស្សដែលគ្មានមធ្យោបាយទទួលបានបច្ចេកវិទ្យា។ នៅក្នុងរបាយការណ៍យូនីសេហ្វ បានដកស្រង់សំដីរបស់គ្រូបង្រៀនស្រីលង្កាម្នាក់ ដែលបានបង្ហាញក្តីកង្វល់ថា បើសិនវិបត្តិកូវីដ១៩ នៅតែបន្តនោះ ឆ្នាំសិក្សានៅសកលវិទ្យាល័យនឹងត្រូវបាត់បង់អស់ជាច្រើនឆ្នាំទៀត។ ដូច្នេះ តើរដ្ឋាភិបាលនឹងអាចរំពឹងអ្វីពីអនាគតធនធានមនុស្សនៅថ្ងៃអនាគត? AP

LEAVE A REPLY

Please enter your comment!
Please enter your name here