តើសវនាការស្តីពីភេរវកម្មថ្ងៃទី១៣ វិច្ឆិកា ២០១៥ នៅប៉ារីស មានទម្រង់យ៉ាងដូចម្តេច?

0
275

តុលាការត្រូវជំនុំជម្រះជនជាប់ចោទចំនួន ២០នាក់ ដោយ ១១នាក់ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ ៣ នាក់ ស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានរបស់ប៉ូលិស ៦នាក់ ជាប់ដីកាតាមចាប់ខ្លួនអន្តរជាតិនឹងត្រូវកាត់ទោសដោយកំបាំងមុខ ក្នុងនោះមាន ៥ នាក់ សង្ស័យថា បានស្លាប់នៅក្នុងប្រទេសស៊ីរីបាត់ទៅហើយ។ ជនទាំងអស់នេះជាប់ចោទ ពីបទបានផ្សំគំនិតរួមចំណែកផ្តល់សម្ភារៈបរិក្ខារ មធ្យោបាយធ្វើភេរវកម្មថ្ងៃទី១៣ វិច្ឆិកា ២០១៥ ដែលបណ្តាលឲ្យមានអ្នកស្លាប់ ១៣០នាក់ និងជាង ៣៥០ នាក់ រងរបួស។ ជនជាប់ចោទដែលល្បីជាងគេ គឺ Salah Abdeslam អាយុ ៣១ឆ្នាំ ជាកងកម្មង់ដូរតែម្នាក់គត់ ដែលនៅមានជីវិត ក្នុងចំណោមភេរវជនសរុប ១០នាក់។ កងកម្មង់ដូរ ៩នាក់ផ្សេងទៀត បានស្លាប់ ពេលបំផ្ទុះគ្រាប់ធ្វើភេរវកម្មអត្តឃាត ខ្លះត្រូវបានប៉ូលិសសម្លាប់ក្នុងថ្ងៃកើតហេតុការណ៍។ ទម្រង់ និងការរៀបចំមានលក្ខណៈធំធេងខ្លាំង ខុសប្លែកពីសវនាការដទៃ ព្រោះគេចាត់ទុកជាសវនាការប្រវត្តិសាស្ត្រសម្រាប់បារាំង ដោយមានតំណាងភាគីស៊ីវិល ដល់ទៅជិត ១៨០០នាក់ មេធាវីជាង ៣៣០ នាក់ ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិរាប់រយនាក់ បានទៅចុះឈ្មោះជាមុន ដើម្បីចូលតាមដានព្រឹត្តិការណ៍។ បើតាមការប៉ាន់ស្មាន ក្នុងថ្ងៃដែលមានសវនាការសំខាន់ខ្លាំង អ្នកចូលរួមអាចឡើងដល់ទៅ ៣ពាន់នាក់។ គ្រាន់តែសំណុំឯកសារប្រមូលចងក្រងជាសៀវភៅ មានដល់ទៅជាង ៥០០ ក្បាល គិតជាទំព័រជាងមួយលានទំព័រ ហើយបើតម្រៀបគ្នាទៅមានប្រវែង ៥៣ ម៉ែត្រ។ សវនាការប្រើរយៈពេលវែងដល់ទៅ ១៤៥ ថ្ងៃ(៩ខែ)។ បើអ្វីប្រព្រឹត្តទៅដូចការគ្រោងទុក តុលាការនឹងចេញសាលក្រមនៅថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២២។ អាជ្ញាធរបានរៀបចំបង្កើតសាលសវនាការថ្មីដ៏ធំ ទំហំ ៧៥០ ម៉ែត្រការ៉េ អាចទទួលមនុស្សបាន ៥៥០ នាក់ និងមានបំពាក់អេក្រង់យក្ស ចំនួន ៨ ព្រមទាំងកាម៉េរ៉ា ចំនួន ១០ ចាំថតដំណើរការសវនាការទាំងស្រុង សម្រាប់ទុកជាឯកសារប្រវត្តិសាស្ត្រទៀត។ សាធារណជនអាចរកមើលឯកសារវីដេអូនេះបាននៅ ៥០ឆ្នាំក្រោយ។ ជនជាប់ចោទនឹងត្រូវដឹកចេញពីពន្ធនាគារតាមឡានពាសដែក បញ្ជូនមកតុលាការតាមផ្លូវពិសេស និងការពារដោយឧទ្ធាគចក្រពីលើអាកាសទៀត។ ចរាចរណ៍ជុំវិញតុលាការ ដែលស្ថិតនៅលើកោះកណ្តាលទីក្រុងប៉ារីសនឹងត្រូវហាមឃាត់ រហូតដល់ម៉ោង ១២កន្លះ ជារៀងរាល់ថ្ងៃបើកសវនាការរយៈពេល ៩ខែនេះ។ សវនាការនេះ ចំណាយអស់ច្រើនលានខ្លាំងណាស់។ នេះជាសវនាការប្រកបដោយនិម្មិត្តរូបបំផុត ព្រោះតាំងពីសង្គ្រាមលោកលើកទីពីរមក បារាំងពុំដែលរងការវាយប្រហារកណ្តាល ក្រុង បណ្តាលឱ្យស្លាប់ជនស៊ីវិលជាច្រើននាក់ពីសំណាក់ក្រុម ឬ អង្គការមួយដូច្នេះទេ។ សង្ឃឹមថា លើកនេះ ជនជាប់ចោទ Abdeslam នឹងសហការជាមួយតុលាការ ព្រមទម្លាយការពិត។ តាំងពីថ្ងៃចាប់ខ្លួនមក Salah Abdeslam និយាយតែម្តងគត់ ជាមួយមេធាវីប៊ែលហ្សិក រួចបិទមាត់ឈឹងរហូត។ ហើយក្រៅពីជនជាប់ចោទរូបនេះ គេនឹងអាចបានចម្លើយពីជនជាប់ចោទផ្សេងៗទៀត៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here