ឥណ្ឌាហាមឃាត់ពិធីបុណ្យសាសនា ដើម្បីកុំឱ្យផ្ទុះកូវីដ១៩ ធ្ងន់ធ្ងរដូចមុន

0
97

ពិធីបុណ្យព្រះគណេសក្នុងព្រហ្មញ្ញសាសនា ជាពិធីបុណ្យដ៏ធំ និងដ៏សំខាន់នៅឥណ្ឌា ដោយតែងប្រមូលផ្តុំ មនុស្សជាច្រើននាក់ ។ ប៉ុន្តែនៅឆ្នាំនេះ អាជ្ញាធរឥណ្ឌាបានស្នើប្រជាពលរដ្ឋផ្តល់អាទិភាពដល់បញ្ហាសុខភាព និងអាយុជីវិត ហើយអាក់ខានមិនប្រារព្ធពិធីបុណ្យសាសនា មួយឆ្នាំសិន ព្រោះឥណ្ឌាកំពុងរងរលកចម្លងកូវីដ១៩ ជាលើកទីបីផង។ នេះបើតាមសេចក្តីប្រកាសរបស់អភិបាលក្រុងប៊ុមបៃ។ រដ្ឋឥណ្ឌាជាច្រើនបានសម្រេចមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំពិធីសាសនា ជាសាធារណៈទេ។ ពិធីបុណ្យថ្ងៃទីមួយ និងថ្ងៃបិទបញ្ចប់ ដែលទាក់ទាញមនុស្សឱ្យមកចូលរួមច្រើនជាងគេ ត្រូវហាមឃាត់នៅរដ្ឋមហារ៉ាស្ត្រា ដែលជារដ្ឋរងគ្រោះមានករណីឆ្លង និងស្លាប់កូវីដ១៩ ច្រើនជាងគេ កាលពីខែមេសា និងឧសភា។ រដ្ឋការណាតាកាជិតខាងបានដាក់បន្ថែមបម្រាមគោចរនៅពេលយប់ និងហាមផ្តាច់តែម្តង មិនឱ្យពលរដ្ឋនៅក្នុងសង្កាត់មានអាត្រាឆ្លងកូវីដ១៩ ខ្ពស់ រៀបចំពិធីបុណ្យ។ អាជ្ញាធរឥណ្ឌាបានចេញបម្រាមយ៉ាងដូច្នេះ ព្រោះបើតាមរដ្ឋមន្ត្រីក្រសួង សុខាភិបាល ករណីវិជ្ជមានកូវីដ១៩ ចាប់ស្ទុះឡើងជាថ្មី បន្ទាប់ពីបើកសាលាឱ្យសិស្សានុសិស្សត្រលប់ចូលរៀនវិញ និងខ្លាចប្រទេសធ្លាក់ក្នុងស្ថានភាពវឹកវរកូវីដ១៩ ដូចកាលពីខែមេសា និងឧសភា។ គេនៅចងចាំបានថា ក្រោយពីមានការជួបជុំប្រារព្វពិធីបុណ្យ Kumbh Mela និងនយោបាយ ដែលប្រមូលផ្តុំពលរដ្ឋ ប្រមាណ ២៥ លាននាក់ បូកផ្សំនឹងការលេចឡើងនូវមេរោគកូវីដ១៩ បំប្លែងខ្លួន “ដែលតា” ឥណ្ឌា បានរងរលកការរាតត្បាតកូវីដ១៩ យ៉ាងខ្លាំងក្លាផ្អើលពិភពលោក។ មន្ទីរពេទ្យចាល់ណែន គ្មានកន្លែងទទួលអ្នកជំងឺកូវីដ ១៩ និងខ្វះសព្វខ្វះគ្រប់ ខ្វះទាំងអុកស៊ីហ្សែនដ៏ចាំបាច់សម្រាប់សង្គ្រោះជីវិត បណ្តាលឱ្យប្រជាពលរដ្ឋ ជាង ២០ម៉ឺននាក់ បានស្លាប់។ ជាមួយនឹងអត្រាអ្នកវិជ្ជមានកូវីដ១៩ ជាង ៣៣លាននាក់ ឥណ្ឌាបានក្លាយជា ប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ្នកស្លាប់ សរុបជាង ៤៤ ម៉ឺន ១ពាន់នាក់ គិតចាប់តាំងពីលេចកូវីដ១៩ មក៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here