ប្រទេសលោកខាងលិចសម្តែងការខកចិត្ត ក្រោយក្រុមតាលីបង់បង្ហាញសមាសភាពរដ្ឋាភិបាល

0
109

រដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់នឹងដឹកនាំដោយ Mohammad Hassan Akhund អតីតមនុស្សស្និទ្ធនឹងស្ថាបនិកក្រុមតាលីបង់ Mollah Omar។ យោងតាមលោក  Bill Roggio និពន្ធនាយកកាសែត Long War Journal គឺឈ្មោះ Mohammad Hassan Akhund នេះហើយ ដែលជាអ្នកបញ្ជាឲ្យក្រុមតាលីបង់កម្ទេច ព្រះពុទ្ធបដិមាដ៏ធំនៅ Bamiyan កាលពីឆ្នាំ២០០១។ ក្នុងចំណោមសមាសភាព ដែលក្រុមតាលីបង់បានប្រកាសរដ្ឋាភិបាលថ្មីនេះ គ្មានមនុស្សស្រីសូម្បីតែម្នាក់ ហើយភាគច្រើន គឺសុទ្ធតែជាមនុស្សមកពីក្រុមជនជាតិប៉ាឆទូន។ ជាងនេះទៀត ក្នុងចំណោមរដ្ឋមន្ត្រីរបស់ក្រុមតាលីបង់ គឺមានមួយចំនួនស្ថិតនៅក្នុងបញ្ជីរខ្មៅរបស់អង្គការសហប្រជាជាតិ និងខ្លះទៀតធ្លាប់ជាប់ឃុំនៅមន្ទីរឃំឃាំង Guantanamo របស់អាមេរិកថែមទៀតផង។ សមាជិកខ្លះនៃបណ្តាញ Haqqani ដែលស្និទនឹងក្រុមអាល់កៃដា ហើយដែលអាមេរិកចាត់ទុកថា ជាក្រុមភេវកម្មនោះ ក៏មានឈ្មោះដឹកនាំក្រសួងក្នុងរដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់ដែរ។ សហភាពអឺរ៉ុបបានប្រតិកម្មថា រដ្ឋាភិបាលរបស់ក្រុមតាលីបង់ពុំមានលក្ខណៈបង្រួមបង្រួមជាតិ និងតំណាងពីគ្រប់មជ្ឈដ្ឋានសង្គមអាហ្វហ្កានីស្ថាននោះទេ។ នេះសបង្ហាញ ឲ្យឃើញថា ក្រុមតាលីបង់មិនបានគោរពលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌធំៗទាំង៥ ដើម្បីអាចទទួលបានការទទួលស្គាល់ផ្នែកការទូតពីសំណាក់អឺរ៉ុប។ ដោយឡែក លោក អង់តូនី ប្លីងកិន ប្រមុខការបរទេសអាមេរិក បានលើកឡើងពីអវត្តមានស្ត្រីនៅក្នុងរដ្ឋាភិបាលតាលីបង់ ព្រមទាំងបង្ហាញការបារម្ភដែលឃើញរដ្ឋមន្ត្រីខ្លះរបស់ក្រុមតាលីបង់ គឺជាមនុស្សធ្លាប់ចូលរួមក្នុងបណ្តាញភេរវកម្ម។ កាលពីថ្ងៃពុធ ទី៨ ខែកញ្ញា លោកប្រមុខការបរទេសអាមេរិកបានចាប់ផ្តើមនិយាយជាមួយប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប ដើម្បីកំណត់គោលជំហររួមមួយ ដែលត្រូវប្រកាន់ជាមួយរដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់។ អ្នកនាំពាក្យក្រុមតាលីបង់ បានអះអាងថា សមាសភាពដែលគេទើបតែប្រកាស គឺមិនទាន់ពេញគ្រប់គ្រាន់នៅឡើយទេ។ ចលនាតាលីបង់នឹងព្យាយាមបញ្ចូលមនុស្សបន្ថែមទៀត ជាតំណាងភាគីនយោបាយ និងជនជាតិផ្សេងៗនៅអាហ្វហ្កានីស្ថាន។ គិតត្រឹមពេលនេះ ក្រៅពីបានរក្សាស្ថានទូតខ្លួនប្រចាំក្រុងកាប៊ុលឲ្យបន្តការងារធម្មតា ចិន គឺជាប្រទេសតែមួយគត់ ក្នុងចំណោមប្រទេសមហាអំណាច ដែលបានថ្លែងអបអរចំពោះការប្រកាស សមាសភាពរដ្ឋាភិបាលក្រុមតាលីបង់៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here