ភ្នំពេញ៖ រៀងរាល់ថ្ងៃ ក្នុងរយៈពេលដែលកូវីដ កំពុងឆ្លងរាតត្បាតនេះ មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានបន្តបង្ក្រាបអាល់កុលក្លែងក្លាយរាប់តោន កន្លែងចាក់ប្រេងសាំងមិនគ្រប់លីត្រ សាំងមិនមានគុណភាព និងទំនិញខូចគុណភាព ជាដើម។ អាល់កុលក្លែងក្លាយ កន្លែងចាក់ប្រេងសាំងមិនគ្រប់លីត្រ និងទំនិញខូចគុណភាព ដែលមន្ត្រីជំនាញ រកឃើញ និងចាប់បង្ក្រាបទាំងនោះ មាននៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តជាច្រើនទៀត ពេញផ្ទៃប្រទេស។
គ្រាន់តែមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ អាល់កុលក្លែងក្លាយជាង ៥៦តោន ត្រូវបានមន្ត្រីជំនាញ ចាប់បង្ក្រាប នៅរាជធានីភ្នំពេញ ខេតត្បូង និងនៅខេត្តតាកែវ។
កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាពអាល់កុល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១ ១៨៦.៥០លីត្រ ដែលបានដាក់តាំងលក់នៅតាមបណ្តាឱសថស្ថាន និងផ្ទះលក់ទំនិញនានា។
បន្ទាប់ពីបានរកឃើញការចរាចរណ៍អាល់កុលក្លែងក្លាយទាំងនេះ មន្ត្រីជំនាញបានធ្វើការស្រាវជ្រាវរកប្រភពផ្គត់ផ្គង់ និងឈានទៅកំណត់ទីតាំងឃ្លាំងស្តុក និងចែកចាយមួយកន្លែងដែលស្ថិតនៅសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទីតាំងស្តុកនេះ ដោយបានរកឃើញ អាល់កុលក្លែងក្លាយឬមេតាណុលចំនួន ៧៥៦ប៊ីដុង និង៧៩១យួរ ស្មើនឹង ២៧ ៤២៦ លីត្រ បន្ថែមទៀត។
សរុបអាល់កុលក្លែងក្លាយ ដែលបង្ក្រាបបានកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅភ្នំពេញ មានចំនួន ២៨ ៦១២.៥០លីត្រ ដែលមានទម្ងន់ប្រមាណជាង ២៨តោន។ អាល់កុលក្លែងក្លាយទាំងនោះ ត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត។
ចំណែកកាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅថ្មីៗនេះមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីរដ្ឋបាលខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពអាល់កុល ដែលកំពុងដាក់តាំងលក់នៅតាមឱសថស្ថាន និងផ្ទះលក់ទំនិញមួយចំនួន ស្ថិតក្នុងផ្សារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ ដែលមានសារធាតុមេតាណុល សរុបចំនួន ១១០ដប ស្មើនឹង ៥៥លីត្រ ហើយមន្ត្រីជំនាញ បានដកហូតមករក្សាទុក ដើម្បីរៀបចំនីតិវិធីកម្ទេចចោលនាពេលក្រោយ។
កាលពីថ្ងៃទី៥ ខែកញ្ញា មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ស្ទាក់ចាប់សារធាតុអាល់កុល ដែលមានមេតាណុល ចំនួន ៧១៤ ប៊ីដុង ស្មើនឹង ២១៤២០លីត្រ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ។ ក្រោយពីបានត្រួតពិនិត្យឃើញថា សារធាតុមេតាណុលទាំងនេះ ត្រូវបាននាំចូលពីបរទេស ដោយគ្មានលិខិតអនុញ្ញាត្តពីសមត្ថកិច្ចពាក់ព័ន្ធនោះ មន្ត្រីជំនាញបានឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត។
នៅថ្ងៃទី៦ ខែកញ្ញាមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ក្រោមកិច្ចសម្របសម្រួល ដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ និងឆែកឆេរឃ្លាំងស្តុកទំនិញមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ។
បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញសារធាតុមេតាណុល ចំនួន ២៣០ប៊ីដុង ស្មើនឹង ៦៩០០លីត្រ ដែលត្រូវបានស្តុកទុក ដោយគ្មានលិខិតស្នាមពីស្ថាប័នពាក់ព័ន្ធ។ វត្ថុតាងទាំងអស់ ត្រូវបានដកហូត មករក្សាទុក ដើម្បីអនុវត្តនីតិវិធីបន្ត។ អាល់កុល ដែលមានសារធាតុមេតាណុលទាំងនោះ ត្រូវបានដឹកជញ្ជូនពីព្រំដែន ក្នុងបំណង ចែកចាយនៅលើទីផ្សារប្រទេសកម្ពុជា។
ក្រៅពីអាល់កុលក្លែងក្លាយ មន្ត្រីជំនាញ ក.ប.ប. ប្រចាំសាខាខេត្តរាជធានី ក៏បានបន្តត្រួតពិនិត្យផលិតផលជាគ្រឿងឧបភោគ បរិភោគ នៅក្នុងផ្សារ និងហាងលក់ទំនិញនានា នៅទូទាំងប្រទេស ហើយមន្ត្រីជំនាញ ក៏បានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ជាបន្តបន្ទាប់។
ស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈ មិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនានានោះទេ ត្រូវបានមន្ត្រីជំនាញ ក.ប.ប បានរកឃើញជារៀងរាល់ថ្ងៃថា កន្លែងលក់ប្រេងជាច្រើន មិនអនុលោមតាមច្បាប់។ នោះគឺមិនគ្រប់ចំណុះលីត្រ ហើយមិនមានគុណភាព ជាដើម។ ស្ថានីយ៍ និងដេប៉ូលក់ប្រេង ដែលខុសច្បាប់ទាំងនោះ ត្រូវបានមន្ត្រីជំនាញ ផាកពិន័យ តាមច្បាប់ ដែលមានចែងជាធរមាន។
យូរខែឆ្នាំមកហើយ នៅក្នុងអំឡុងពេលជំងឺកូវីដ១៩ ឆ្លងរាតត្បាតនេះ អាល់កុលក្លែងក្លាយ លក់តាមហ្វាម៉ាស៊ី ឬឱសថស្ថាន លក់តាមអនឡាញ និងលក់តាមផ្លូវ មិនថានៅភ្នំពេញ ឬនៅតាមខេត្តនានានោះទេ ត្រូវបានមន្ត្រីជំនាញ ចាប់បង្ក្រាប និងយកទៅដុតបំផ្លាញ ជាបន្តបន្ទាប់។
មន្ត្រីជំនាញ លើកឡើងថា អាល់កុល ឬអេតាណុល គឺជាសារធាតុ ដែលគេយកមកប្រើសម្រាប់សម្លាប់មេរោគ ពិសេសក្នុងដំណាក់កាល ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង។ ប៉ុន្តែក្នុងអំឡុងពេលនេះ ធ្វើឱ្យតម្រូវការអាល់កុល កើនឡើងខ្ពស់ ជាហេតុនាំឱ្យមានបុគ្គលឆ្លៀតឱកាសមួយចំនួន បានបន្លំយកសារធាតុមេតាណុល (Methanol) មកលក់ជូនប្រជាពលរដ្ឋ ដើម្បីយកទៅសម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំ សម្រាប់ផលិតជែល សម្លាប់មេរោគ ជាដើម។
មន្ត្រីជំនាញ លើកឡើងថា សារធាតុគីមីមេតាណុល គឺជាសារធាតុពុល ដែលគេច្រើនប្រើធ្វើជាសារធាតុ សម្រាប់រំលាយ។ ការប្រើប្រាស់មេតាណុល ធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាព ក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជា បណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បាន ប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។
ដោយសារតែគ្រោះថ្នាក់ ដូចអ្នកជំនាញ លើកឡើងខាងលើ សូមអាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាព ដោយគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្ពស់ ជាជាងគិតតែពីប្រាក់ចំណេញ។
ចូរកុំភ្លេចថា បើនាំចូល ចែកចាយ លក់អាល់កុលក្លែងក្លាយ គឺនៅពេលមន្ត្រីជំនាញ រកឃើញ ត្រូវចាប់រឹបអូស ហើយផាកពិន័យជាប្រាក់ និងត្រូវមានទោស រហូតដល់ជាប់ពន្ធនាគារ បើសិនជា មានអ្នករងគ្រោះ រហូតដល់ស្លាប់ ដោយសារតែអាល់កុលក្លែងក្លាយ ឬមេតាណុល ដែលលាយធ្វើស្រា។
ចំណែកអ្នកប្រើប្រាស់ទាំងអស់ សូមពិនិត្យ និងជ្រើសរើសផលិតផល ដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវច្បាស់លាស់ មុននឹងសម្រេចចិត្តទិញអាល់កុល ឬជែល យកមកប្រើប្រាស់ ក្នុងគោលបំណងសម្លាប់មេរោគ។ ប៉ុន្តែករណីនេះ មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ត្រូវដើរតួនាទីសំខាន់ ដើម្បីបញ្ជាក់ថា អាល់កុលនេះ ក្លែងក្លាយ ប្រេងសាំងនេះ មិនសុទ្ធ លក់មិនគ្រប់លីត្រ ហើយទំនិញណា ខូចគុណភាព ជាដើម។
មន្ត្រីជំនាញ ក៏សូមបន្ត និងបង្កើនសកម្មភាពត្រួតពិនិត្យគុណភាពអាល់កុល ក៏ដូចជាពិនិត្យមុខទំនិញ ចំណីអាហារ ដែលមានលាយសារធាតុគីមី និងខូចគុណភាព។ ក្នុងនោះ សូមរកឲ្យឃើញនូវផលិតផលក្លែងក្លាយ ពិសេសចំណីអាហារខូចគុណភាព ដោយត្រូវរឹបអូស បំផ្លាញចោល មុននឹងមានអ្នកប្រើប្រាស់ ហើយគ្រោះថ្នាក់ ដោយសារតែផលិតផលអាល់កុលក្លែងក្លាយ និងនំចំណីអាហារខូចគុណភាពទាំងនោះ។
ចំណែកអ្នករកស៊ីយើង សូមធ្វើខ្លួនជាឈ្មួញសុច្ចរិត លក់ដូរដោយត្រឹមត្រូវ កុំកេងបំបាត់ បន្លែបន្លំគេ។ ចំណេញលុយ ហើយបំផ្លាញគ តើអ្នកលក់នោះ បានសុខ និងដេកលក់ ឬទេ? នេះគឺជាបាបកម្មធ្ងន់ធ្ងរ ខណៈដែលប្រជាពលរដ្ឋយើង កំពុងរងគ្រោះដោយសារតែកូវីដឆ្លងរាតត្បាត៕
ប្រភព : រស្មីកម្ពុជា