រដ្ឋមន្ត្រីការបរទេស​ចិន នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ

0
63

ភ្នំពេញៈ​លោក វ៉ាង យី​(WangYi)​រដ្ឋមន្រ្តីការបរទេសចិននឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​និង ប្រទេស​បី​ប្រទេស​ផ្សេងទៀត​ក្នុងពេល​ឆាប់ៗ​នេះ​។​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាស​ឱ្យដឹង​នៅ​រាត្រី​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០២១​នេះ​។​

​ប្រភព​ស្ថានទូត​ចិន​បាន​បញ្ជាក់ថា តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ផាម ប៊ិ​ញ​មិញ​(Pham Binh Minh) ឧបនាយករដ្ឋមន្ត្រី វៀតណាម និង​ឯកឧត្តម ប៊ូ ថា​ញ់ សន​(Bui Thanh Son) រដ្ឋមន្ត្រីការបរទេស​វៀតណាម​, ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​, ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី និង​ឯកឧត្តម Chung Eui-yong រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង ឯកឧត្តម​ទីប្រឹក្សា​រដ្ឋ Wang Yi រដ្ឋមន្ត្រីការបរទេស​ចិន​នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​វៀតណាម កម្ពុជា សិង្ហ​បុរី និង​កូរ៉េខាងត្បូង​ចាប់ពី​ថ្ងៃទី​១០​ដល់​១៥ ខែកញ្ញា​។ ឯកឧត្តម Wang Yi នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​បញ្ជាការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ចិន​-​វៀតណាម​ជាមួយ​ឯកឧត្តម Pham Binh Minh​។​

​ប្រភព​ស្ថានទូត​បាន​បន្ថែមថា ប្រទេស​វៀតណាម កម្ពុជា សិង្ហ​បុរី និង​កូរ៉េខាងត្បូង​សុទ្ធតែជា​ប្រទេសជិតខាង​និង​ជា​ដៃ គូ​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​របស់​ចិន​។​ប្រឈមមុខ​ជាមួយ​ជំងឺ​វីរុស​កូ​វីដ​១៩​ចិន​និង​ប្រទេសជិតខាង​បាន​ជួយ​គ្នា​ទៅវិញទៅមក​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​បាន​បោះជំហាន​ទៅមុខ​ក្នុង​កិច្ច​ទប់ស្កាត់​ជំងឺ​វីរុស​ជា​សកល​និង​ការស្តារ​ជាថ្មី​ក្រោយពី​បញ្ចប់​ជំងឺ​វីរុស​កូ​វីដ​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម Wang Yi បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​និង​ទឹកចិត្ត​ដ៏​ស្មោះ​របស់​ភាគី​ចិន​ជូន​ចំពោះ​ប្រទេស​ទាំង​បួន​ក្នុងការ​លើកកម្ពស់​ចំណងមិត្តភាព និង​ជំរុញ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស៊ីជម្រៅ​និង​ការផ្តល់​អត្ថប្រយោជន៍​ទៅវិញទៅមក​។​

​ក្នុងឱកាស​នៃ​ការបំពេញ​ទស្សនកិច្ច ឯកឧត្តម Wang Yi នឹង​ពិភាក្សា​យុទ្ធសាស្ត្រ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​បណ្ដា​ភាគី ជំរុញ​អនុវត្ត​កុង​សុង​ស៊ី​ស​សំខាន់ៗ​ដែល​បាន​ឯកភាពគ្នា​ដោយ​ឯកឧត្តម​ប្រធានាធិបតី​ចិន Xi Jinping និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​បួន ផ្តោត​សំខាន់​លើ​កិច្ច​ប្រយុទ្ធប្រឆាំង​ជំងឺ​វីរុស​និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ជំរុញ​កិច្ច​ផ្ទៀងផ្ទាត់​រវាង​ផែនការអភិវឌ្ឍន៍​ថ្មី​ដែល​បង្កើតឡើង​ដោយ​ចិន​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​បណ្ដា​ប្រទេស លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​“​ខ្សែក្រវាត់​និង​ផ្លូវ​”​និង​កិច្ច​កសាង​សហគមន៍​វាសនា​រួម​សម្រាប់​មនុស្សជាតិ​កាន់តែ​ស៊ីជម្រៅ​។​ភាគី​ចិន​រីករាយ​សហការ​ជាមួយ​ប្រទេស​ទាំង​បួន​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​ទទួលបាន​សមិទ្ធផល​ផ្លែផ្កា​ថ្មីៗ​ឥតឈប់ឈរ​រួមគ្នា​ការពារ​ពហុភាគី​និយម​និង​យុត្តិធម៌​សច្ចធម៌​លើ​ឆាក​អន្តរជាតិ​បញ្ចូល​ថាមពល​វិជ្ជមាន​កាន់តែច្រើន​ដល់​សន្តិភាព ស្ថិរភាព វិបុលភាព និង​ការអភិវឌ្ឍន៍​ក្នុង​តំបន់​រហូតដល់​លើ​ពិភពលោក​៕​

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here