យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២ខែកញ្ញាឆ្នាំ២០២១ដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ហ៉ីង ថូរ៉ាក់ស៊ី បានជម្រាបជូនទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ការពារជាតិ និងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការសម្រេចរបស់រាជរដ្ឋាភិបាលឲ្យម្ចាស់យានយន្តឯកជន ដែលប្រើស្លាកលេខរដ្ឋ រាជការ ខ.ម និងន.ប ត្រូវបង់ពន្ធជូនរដ្ឋ ដូចយានយន្តឯកជនដទៃទៀតដែរ។
តាមលិខិតដដែល ក្រៅពីអត្ថន័យជុំវិញការបំពេញកាតព្វកិច្ចបង់ពន្ធ ចំពោះយានយន្តឯកជនពាក់ស្លាកលេខរដ្ឋ នៅត្រង់ចំណុចទី ៥ នៃលិខិត បានបញ្ជាក់ថា អនុញ្ញាតឱ្យបង់ពន្ធ និងអាករនាំចូល ចំពោះរថយន្តចង្កូតស្តាំ មានស្រាប់ ក្នុងស្រុកជាលើកចុងក្រោយ តែត្រូវកែចង្កូតពីស្តាំ មកឆ្វេង ដើម្បីឱ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ការអនុញ្ញាតនេះ មានឱសានវាទត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំ ដែលត្រូវបង្ក្រាបបាន នឹងតម្រូវឱ្យដោះបំបែកជាគ្រឿង បន្លាស់ ឬកម្ទេចចោល។
ចំណុននេះមានន័យថា រាជរដ្ឋាភិបាល អនុញ្ញាតឱ្យបង់ពន្ធ និងអាករនាំចូល ចំពោះរថយន្តចង្កូតស្តាំ មានស្រាប់ ក្នុងស្រុក ជាលើកចុងក្រោយ ប៉ុន្តែត្រូវកែចង្កូតពីស្តាំ មកឆ្វេង។ ការអនុញ្ញាតនេះ មានឱសានវាទ ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឡានចង្កូតស្តាំ ដែលមិនទាន់បង់ពន្ធនាំចូល នឹងត្រូវចាប់ដកហូត កម្ទេចចោលតែម្តង ៕