រដ្ឋាភិបាលស្រមោលភូមាបង្ហាញយុទ្ធសាស្រ្ត ដើម្បីតតាំងប្រឆាំងរបបសឹក

0
62

៧ខែក្រោយរដ្ឋប្រហារយោធានៅភូមា  រដ្ឋាភិបាលរួបរួមជាតិ ឬ រដ្ឋាភិបាលស្រមោលភូមា ដែលប្រមូលផ្តុំទៅដោយអតីតសមាជិកសភា និងម្រ្តីរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងនិរទេស ឬ លាក់ខ្លួនពីកងទ័ពភូមាបានបង្ហាញយុទ្ធសាស្រ្តថ្មី ដើម្បីប្រឆាំងរបបសឹកភូមា។ យុទ្ធសាស្រ្តរបស់រដ្ឋាភិបាលស្រមោលភូមា មានរួមបញ្ចូលតាំងពីការតស៊ូផ្នែកអាវុធរបស់កងជីវពលចលនាប្រឆាំងរបស់កម្លាំងជនជាតិភាគតិច និងការជាប់គាំងរបស់រដ្ឋាភិបាលយោធា តាមរយៈការអំពាវនាវឲ្យមន្រ្តីភូមាបោះបង់ចោលតួនាទី និងការងារក្នុងជួររដ្ឋាភិបាលរបស់របបសឹក។ នៅក្នុងសុន្ទរកថាដែលមាននិយាយពីយុទ្ធសាស្រ្ត ចំនួន ១៤ ចំណុច ដើម្បី ប្រឆាំងរដ្ឋាភិបាលយោធាភូមា ប្រធានស្តីទីរបស់រដ្ឋាភិបាលស្រមោលលោក Duwa Lashi La បានអំពាវនាវឲ្យប៉ូលិសជាតិកងទ័ពភូមារត់ចោលជួរ ដើម្បីចូលរួមជាមួយកងទ័ពការពារប្រជាជនរបស់រដ្ឋាភិបាលស្រមោល ប្រឆាំងរបបសឹកនៅគ្រប់ទិសគ្រប់ច្រកក្នុងប្រទេសភូមា។ រដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី បានបង្កឲ្យមានបាតុកម្ម និងពហិការប្រឆាំងរបបសឹកនៅទូទាំងប្រទេស រហូតមកដល់សព្វថ្ងៃ។ មួយវិញទៀត ការបង្រ្កាបដ៏ហិង្សា រួមទាំង ការតាមចាប់ខ្លួនពីសំណាក់កងទ័ពភូមា ជំរុញឲ្យប្រជាជន អ្នកប្រឆាំងភូមាមួយចំនួន គេចខ្លួនទៅរួមក្នុងចលនាប្រដាប់អាវុធទ័ពព្រៃ ក្រោមស្លាកឈ្មោះកងទ័ពការពារប្រជាជន បង្កើតឡើងដោយរដ្ឋាភិបាលស្រមោលភូមា។ ក្រុមខ្លះបានសហការជាមួយចលនាតស៊ូរបស់ជនជាតិភាគតិច ដែលជាសត្រូវចាស់ឆ្នាំរបស់កងទ័ពភូមា។ របបសឹកភូមាធ្លាប់បានចាត់បញ្ចូលរដ្ឋាភិបាលស្រមោល ឬ រដ្ឋាភិបាលរួបរួមជាតិ (NUG) និងកងទ័ពការពារប្រជាជន People’s Defense Force (PDF) ទៅក្នុងបញ្ជីឈ្មោះក្រុមភេរវនិយម។ ការប្រយុទ្ធគ្នារវាងកងទ័ពភូមា និងកងជីវពល ឬ ក្រុមប្រដាប់អាវុធជនជាតិភាគតិចបានកើតមានជាហូរហែដោយភាគីម្ខាងៗ បានអះអាងសម្លាប់ទាហានរបស់គូសត្រូវៗរៀងៗខ្លួន។ នៅក្នុង បទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ប្រេសិតអាស៊ានសម្រាប់បញ្ហាភូមា បាននិយាយថា របបសឹកភូមាបាននិយាយសន្យាថា នឹងអនុវត្តបទឈប់បាញ់រហូតដល់ចុងឆ្នាំ។ ប៉ុន្តែប្រធានាធិបតីស្តីទី របស់រដ្ឋាភិបាលស្រមោលភូមា បានព្រមានប្រាប់កុំឲ្យគេជឿទុកចិត្តសំដីរបស់មេដឹកនាំរបបសឹក។ នៅខែមុន មេដឹកនាំរបបសឹកភូមាលោក មីន អ៊ុងឡាំង បានប្រកាសតាំងខ្លួនជានាយករដ្ឋមន្រ្តី ដឹកនាំរដ្ឋាភិបាលយោធារហូតដល់មានការរៀបចំបោះឆ្នោតសាជាថ្មីនៅភូមា ដែលរបបសឹកបានសន្យានឹងរៀបចំនៅឆ្នាំ២០២៣៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here