ជប៉ុនកំពុងប្រឈមនឹងអស្ថិរភាពនយោបាយជាថ្មី នៅក្រោយការដកខ្លួនរបស់លោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា?

0
21

គិតត្រឹមថ្ងៃអង្គារ ទី៧ ខែកញ្ញា មានការលើកឡើងនូវឈ្មោះឥស្សរជនជប៉ុន ចំនួន ៧នាក់ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានថ្មី នៃគណបក្សសេរីប្រជាធិបតេយ្យ គឺលោក ហ៊្វូមីញ៉ូ គីស្ហ៊ីដា លោក តារ៉ូ កូណូ លោក ស្ហ៊ីហ្គឺរូ អ៊ីស្ហ៊ីបា លោកស្រី សាណាអេ តាកៃឈី លោកស្រី សីកូ ណូដា លោក ហាគូប៊ុន ស្ហ៊ីម៉ូមូរ៉ា និង លោក ស្ហ៊ីនហ្សូ អាបេ ប៉ុន្តែមានតែឥស្សរជន ៤រូបប៉ុណ្ណោះ ដែលប្រជាជនជប៉ុនឧស្សាហ៍ឮឈ្មោះ និងស្គាល់ជាងគេ គឺលោក ហ៊្វូមីញ៉ូ គីស្ហ៊ីដា លោក តារ៉ូ កូណូ លោក ស្ហ៊ីហ្គឺរូ អ៊ីស្ហ៊ីបា និងលោក ស្ហ៊ីនហ្សូ អាបេ។ លោក ស្ហ៊ីនហ្សូ អាបេ គឺត្រូវបានគេស្គាល់ខ្លាំងជាងគេនៅក្នុងមជ្ឈដ្ឋានប្រជាជនជប៉ុន និងនៅលើឆាកអន្តរជាតិ ដោយសារលោកបានកាន់តំណែងនាយករដ្ឋមន្រ្តីយូរជាងគេ ប៉ុន្តែគណបក្សសេរីប្រជាធិបតេយ្យ និងមជ្ឈដ្ឋានមហាជនទូទៅហាក់មិនចង់ឃើញការវិលត្រឡប់របស់លោក អាបេ ទេ។ ចំណែកឥស្សរជន ៣ នាក់ទៀត គឺមានតែលោក គីស្ហ៊ីដា ម្នាក់គត់ ដែលបានប្រកាសឈរឈ្មោះជាផ្លូវការ ជាបេក្ខជនប្រធានគណបក្សសេរីប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកញ្ញាខាងមុខ។ លោក ហ៊្វូមីញ៉ូ គីស្ហ៊ីដា អាយុ ៦៤ឆ្នាំ ជាអ្នកកណ្តាលនិយម ធ្លាប់ធ្វើការនៅធនាគារ និងធ្លាប់កាន់តំណែងប្រមុខការទូតពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ក្នុងជំនាន់នាយករដ្ឋមន្រ្តីលោក ស្ហ៊ីនហ្សូ អាបេ។ ថ្មីៗនេះ លោក គីស្ហ៊ីដា បានសន្យាថា បើលោកជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តី លោកនឹងបង្កើតឲ្យមានផែនការផ្តល់សន្ទុះមួយ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចជប៉ុន ដែលកំពុងជួបវិបត្តិដោយជំងឺកូវីដ១៩។ ឥស្សរជនលោក តារ៉ូ កូណូ អាយុ ៥៨ឆ្នាំ កំពុងកាន់តំណែងជារដ្ឋមន្រ្តី ទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជាអ្នកដឹកនាំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩។ មជ្ឈដ្ឋានសេដ្ឋកិច្ច និងមហាជនទូទៅ ចូលចិត្តលោក កូណូ ពិសេសក្រុមយុវជនសម័យថ្មី។ តាមលទ្ធផលស្ទង់មតិរបស់កាសែតប្រចាំថ្ងៃជប៉ុនឈ្មោះ Yomiuri Shimbun ចុះផ្សាយកាលពីថ្ងៃចន្ទ ទី៦ ខែកញ្ញា មានមនុស្ស ២៣% ក្នុងចំណោមអ្នកស្ទង់មតិ បានគាំទ្រលោក កូណូ ធ្វើជានាយករដ្ឋមន្រ្តី។ រីឯលទ្ធផលស្ទង់មតិមួយទៀត ចុះផ្សាយក្នុងថ្ងៃអាទិត្យ ទី៥ ខែកញ្ញា បានបង្ហាញពីការគាំទ្រដល់ទៅ ៣១,៩%។ ឥស្សរជនលោក ស្ហ៊ីហ្គឺរូ អ៊ីស្ហ៊ីបា អាយុ ៦៤ឆ្នាំ ធ្លាប់ធ្វើការនៅធនាគារ និងធ្លាប់កាន់តំណែងរដ្ឋមន្រ្តីការពារជាតិ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ និងធ្លាប់កាន់តំណែងជាអគ្គលេខាគណបក្សសេរីប្រជាធិបតេយ្យ ចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៤។ មានការលើកឡើងថា ការប្រកាសមិនឈរឈ្មោះជាបេក្ខជនប្រធានគណបក្សសេរីប្រជាធិបតេយ្យរបស់នាយករដ្ឋមន្រ្តីលោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា គឺជាសញ្ញាដែលបញ្ជាក់ពីភាពច្រំដែលនៃការធ្លាក់ក្នុងអស្ថិរភាពនយោបាយរបស់ជប៉ុន។ កៅអីនាយករដ្ឋមន្រ្តីជប៉ុនត្រូវបានគេប្រដូចទៅនឹងកៅអី ដែលមានប៊ូតុងសម្រាប់ចុចទម្លាក់អ្នកដែលកំពុងអង្គុយ។ គេបានសង្កេតឃើញថា ឲ្យតែដល់ពេលជិតបោះឆ្នោតសភាម្តងៗ គឺតែងតែមានការប្រជែងតស៊ូដណ្តើមអំណាចគ្នានៅផ្ទៃក្នុងគណបក្ស។ នៅជប៉ុន គេកម្រឃើញមាននាយករដ្ឋមន្រ្តីណាម្នាក់ បានកាន់តំណែងរហូតដល់ចប់អាណត្តិណាស់។ បើគិតតាំងពីសង្រ្គាមលោកលើកទី២ មាននាយករដ្ឋមន្រ្តីជប៉ុន តែ ៥រូបប៉ុណ្ណោះ ដែលបានកាន់តំណែងលើសពី ៥ឆ្នាំ។ នៅរវាងការផុតអាណត្តិរបស់នាយករដ្ឋមន្រ្តីលោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណេ ក្នុងឆ្នាំ១៩៨៧ និងការឡើងកាន់តំណែងនាយករដ្ឋមន្រ្តីរបស់លោក ជូនីឈីរ៉ូ កូអ៊ីស៊ូមី ក្នុងឆ្នាំ២០០១ ជប៉ុនមានការដោះដូរនាយករដ្ឋមន្រ្តី ដល់ទៅ ៦នាក់ ហើយក្នុងចំណោមអ្នកទាំង ៦នាក់នេះ មានម្នាក់កាន់តំណែងបានតែ ២ខែគត់។ បញ្ហាផ្ទាល់ខ្លួន ដូចជា ជំងឺអប្រជាប្រិយភាព រឿងអាស្រូវ ពុករលួយ ឬ រឿងអាស្រូវផ្សេងទៀត សុទ្ធសឹងជាហេតុផល ដែលបានបង្ខំឲ្យនាយករដ្ឋមន្រ្តីមិនអាចបន្តកាន់តំណែងដល់ចប់អាណត្តិ ឬ ក៏បង្ខំមិនឲ្យបន្តអាណត្តិថ្មី៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here