អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្នើ​ឲ្យ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​កឈ្មោះហង្ស សំណាង កែតម្រូវ ពុំ​ដូច្នោះ​ទេ នឹង​ប្រឈម​មុខ​ច្បាប់

0
102

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​ស្នើ​ឲ្យ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ ធ្វើការ​កែតម្រូវ​អំពី​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​ជា​បន្ទាន់ ពុំ​ដូច្នោះ​ទេ កង​រាជ​ធ​អាវុធហត្ថ នឹង​ប្រគល់​សិទ្ធិ​ជូន​មេធាវី ដើម្បី​ប្តឹង​ទាមទារ​សងជំងឺចិត្ត​ទៅ​តាម​ផ្លូវ​តុលាការ ។ក្នុង​លិខិត​ប្រកាស​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ប្រមាណ​ម៉ោង​១២ និង​៣០​នាទី ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២១ មាន​អ្នក​សារព័ត៌ មាន​ចំនួន​២​នាក់ និង​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ បាន​មក​ឈរ​នៅ​ខាង​មុខ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពត ហើយ​ធ្វើការ​ឡាយ​វី​ដេ​អូ ផ្សព្វផ្សាយ​តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​គណនី​ឈ្មោះ ហង្ស សំណាង ដែល​មាន​ចំណងជើង​ថា “​អយុត្តិធម៌​បំផុត ចាប់​ដាក់គុក ដោយ​គ្មាន​ដីកា ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត 06/09/2021 លើក​ទី​២” ។

ក្រោយ​ពី​ទទួល បាន​សេចក្តីរាយការណ៍ អំពី​ព័ត៌មាន​ខាងលើ​នេះ ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពត និង​បាន​ធ្វើការ​ពិនិត្យ​ឯកសារ​សំណុំរឿង​ក្តី​ករណី “​លួងលោម​រួម​ភេ​.​ទ ជាមួយ​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​២១​និង​៣០​នាទី នៅ​ចំណុច​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ។លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ជម្រាប​ជូន​អ្នក​សារព័ត៌មាន សាធារណជន និង​បុគ្គល​ដែល​ជា​សាច់ញាតិ​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​នេះ ជ្រាប​ថា មន្ត្រី​នគរបាល យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តកំពត បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ មឿ​ន សា​រិ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ ត្រូវជា​ឪពុក​របស់​ជន​រង​គ្រោះ (​ឈ្មោះ ច ឆ ភេទ​ស្រី អាយុ​១៤​ឆ្នាំ​) ប្តឹង​ឈ្មោះ ម៉េ​ង បូ​រី ភេទ​ប្រុស មុខរបរ​នេសាទ រស់នៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ពី​បទ​លួងលោម​កូន ស្រី​របស់​គាត់ មក​ដល់​ខេត្តកំពត និង​សេព​ស​ន្ថ​.​វៈ ។

បន្ទាប់​មក មន្ត្រី​ជំនាញ​យុត្តិធម៌ បាន​ចាត់ការ​ពាក្យបណ្តឹង តាម​នីតិវិធី​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ ។ ជាមួយ​គ្នា​នោះ​ដែរ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពត ឈ្មោះ គាំ គង្គា ក៏​បាន​ចេញ​ដីកា​បង្គាប់ ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ ផង​ដែរ ។ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី លោក​បញ្ជាក់​ថា ការ​អនុវត្ត​នីតិវិធី ទៅ​លើ​ករណី​រឿង​ក្តី​ខាងលើ​នេះ ពិតជា​ត្រឹមត្រូវ តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​រឿង​ក្តី​នេះ​បាន​ផុត ពី​សមត្ថកិច្ច​របស់​ជំនាញ​កងរាជអាវុធហត្ថ ក្រោយ​ពី​បាន​បញ្ជូន​សំណុំរឿង​តាម​រយៈ​ដីកា​បញ្ជូន ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ ។អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សុំ​ឲ្យ​ម្ចាស់​ផេ​ក​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហង្ស សំណាង ធ្វើការ​កែតម្រូវ​អំពី​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន ដូច​មាន​ចែង​ក្នុង​មាត្រា​១០ នៃ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ។ ក្នុង​ករណី​មិន​ព្រម​ធ្វើការ​កែតម្រូវ​នោះ​ទេ កងរាជអាវុធហត្ថ​នឹង​ប្រគល់​សិទ្ធិ​ជូន​មេធាវី ដើម្បី​ប្តឹង​ទាមទារ​សងជំងឺចិត្ត ទៅ​តាម​ផ្លូវ​តុលាការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here