អ្នកសារព័ត៌មាន៧នាក់ ត្រូវបាន អាវុធហត្ថឃាត់ខ្លួន ករណីទារ ប្រាក់ ពីរថយន្តដឹកឈើផ្ទះ ចាស់ៗ ៤ពាន់​ដុល្លារ

0
587

អ្នកសារព័ត៌មានមួយក្រុម មានគ្នាចំនួន៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធខេត្តស្ទឹងត្រែង នាំខ្លួនយកទៅ សាកសួរពាក់ព័ន្ធនឹងករណីទារប្រាក់ ពីរថយន្តដឹកឈើផ្ទះចាស់ៗ ចំនួន៤០០០ដុល្លារ នៅចំណុចជិតផ្លូវ ចូលជាំធំ ក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា អ្នកសារព័ត៌មានមួយក្រុមនោះ មកពីអង្គភាពផ្សេងៗគ្នា ហើយបានមក បណ្តាក់គ្នា​​ទារលុយ ពីរថយន្តដឹកឈើគ្រឿងផ្ទះ ដែលគេទិញពីប្រជាពលរដ្ឋរុះរើផ្ទះ ដឹកឆ្លងទៅខេត្តដូចជា៖ ខេត្តព្រៃវែង ស្វា​យរៀង តាកែវ និងកំពត ជាដើម។

ប្រភពបានបន្តទៀតថា ឈើដែលសល់ ពីការរុះរើផ្ទះចាស់ៗទាំងនោះ ក្រុមឈ្មួញបានដើរទិញ ពីប្រជាពលរដ្ឋ និងបានប្រមូលដឹកចេញពីខេត្តស្ទឹងត្រែង និងបានសុំច្បាប់អនុញ្ញាតិ ពីអាជ្ញាធរមានសមត្ថកិច្ច ហើយតែក្រុម សារព័ត៌​មានទាំងនោះ បានទៅទារប្រាក់ រហូតដល់ទៅ៤០០០ដុល្លារ។

ប្រភពបានបន្តថា រឿងទារប្រាក់នេះ ម្ចាស់ឈើប្រាប់ថា ពុំលទ្ធភាពបង់ដល់ថ្នាក់ហ្នឹងទេ ទោះលក់ឈើចាស់ៗ ហ្នឹងទាំងអស់ ក៏មិនបានដល់៤០០០ដុល្លាដែរ។ តែបើត្រឹមប្រេងសាំងតិចតួច អាចជូនបាន តែពួកគាត់មិន ព្រម ហើយដេញតាមរថយន្ត រហូតដល់ព្រំប្រទល់ ខេត្តស្ទឹងត្រែង និងព្រះវិហារ។ ក្រោយក្រុមអ្នកសារព័ត៌ មាន ទារលុយម្ចាស់រថយន្តចំនួន៤០០០ដុល្លារមិនបាន ក៏ប្តឹងទៅសមត្ថកិច្ច ហើយក្រុមអ្នកសារព័ត៌មានទាំង នោះ បាននាំគ្នារត់គេច ទើបកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង នាំខ្លួនយកមកសាកសួរតែម្ដង។

លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងអ្នកសារព័ត៌មាន កម្ពុជាថ្មី ដឹ​ងនៅល្ងាចថ្ងៃទី៧ ខែកញ្ញានេះថា ពិតជាមានការឃាត់ខ្លួន អ្នកសារព័ត៌មានចំនួន៧នាក់មែន ដែលពាក់ព័ន្ធករណី​ទារប្រាក់ពីជនរងគ្រោះ។ បច្ចុប្បន្ននេះ ជនរងគ្រោះចំនួន៥នាក់ បាននឹងកំពុងដាក់ ពាក្យបណ្ដឹង ទៅកងរាជអាវុធ​ហ​ត្ថ​ខេត្ត​ស្ទឹងត្រែង ហើយមន្ត្រីជំនាញអាវុធហត្ថ ក៏កំពុងដំណើរការនីតិវិធី ក្រោមការសម្របសម្រួល ពី​តំណាងអយ្យ​ការ​ខេត្តផងដែរ។

សេចក្ដីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មី ប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា​ បច្ចុប្បន្នក្រុមអ្នកសារ ព័ត៌​មា​ន​​ទាំង៧នាក់នោះ កំពុងស្ថិតក្រោមការសាកសួរ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងពុំ ទាន់ដឹងថាក្រុមអ្នកសារព័ត៌មានទាំងនោះ មកពីអង្គភាពណាខ្លះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here