វៀតណាមដាក់ពេលកំណត់ឱ្យចាក់វ៉ាក់សាំងមនុស្សពេញវ័យទាំងអស់ នៅក្រុងហាណូយ និងហូជីមិញ

0
322

ក្រសួងសុខាភិបាលប្រទេសវៀតណាម បានប្រកាសកាលពីថ្ងៃអាទិត្យ ទី៥ ខែកញ្ញាថា ចំណុចកណ្ដាលនៃការឆ្លងជំងឺកូវីដ១៩ ទីក្រុងហូជីមិញ និងរដ្ឋធានីហាណូយ ត្រូវតែចាក់វ៉ាក់សាំងដល់ប្រជាជនពេញវ័យរបស់ ពួកគេទាំងអស់ ឱ្យបានយ៉ាងហោចណាស់ ១ ដូស នៅត្រឹមថ្ងៃទី១៥ ខែកញ្ញា។ ប្រទេសវៀតណាមមានអត្រាចាក់វ៉ាក់សាំងកូវីដ១៩ ទាបជាងគេនៅក្នុងតំបន់ ដោយមានត្រឹមតែ ៣,៣ ភាគរយនៃប្រជាជនសរុប ៩៨លាននាក់ បានទទួលវ៉ាក់សាំងគ្រប់ ២ ដូស និងត្រឹមតែ ១៥,៤ ភាគរយ បានទទួលវ៉ាក់សាំង ១ដូស។ ប្រទេសនេះកំពុងប្រយុទ្ធនឹងរលកឆ្លងជំងឺកូវីដ១៩ ដ៏អាក្រក់មួយ ដោយករណីឆ្លង ជាង ៥២០ ០០០ ករណី និងស្លាប់ជាង ១៣ ០០០ នាក់ ភាគច្រើនបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ជាងពាក់កណ្ដាលនៃករណីឆ្លងសរុប និងជាង ៨០ភាគរយនៃការស្លាប់សរុប បានកើតឡើងនៅទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មប្រទេសនេះ។ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ៨៨ ភាគរយនៃប្រជាជនពេញវ័យរបស់ ទីក្រុងហូជីមិញ ចំនួន ៦,៩៧ លាននាក់ បានទទួលវ៉ាក់សាំង យ៉ាងហោចណាស់ចំនួន ១ ដូស។ អត្រានេះ គឺស្មើនឹងចំនួន ៥៣ ភាគរយ សម្រាប់ប្រជាជនពេញវ័យនៅទីក្រុងហាណូយ ចំនួន ៥,៧៥ លាននាក់។ មកដល់ពេលនេះ វៀតណាមបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន ៣៣ លានដូស ហើយរដ្ឋាភិបាលរំពឹងថា នឹងទទួលបាន ១៧ លានដូសបន្ថែមទៀត នៅចុងខែនេះ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here