បេឡារុសកាត់ទោសមេដឹកនាំចលនាប្រឆាំងដាក់ពន្ធនាគារ ១១ឆ្នាំ

0
92

តុលាការបេឡារុសបានដាក់ទោសអ្នកស្រី Maria Kolesnikova មេដឹកនាំចលនាបាតុកម្មម្នាក់ កាលពីថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១ ឱ្យជាប់ពន្ធនាគារ ចំនួន ១១ឆ្នាំ។ អ្នកស្រី Maria Kolesnikova មានអាយុ ៣៩ឆ្នាំ ត្រូវតុលាការបេឡារុសបើកសវនាការដោយបិទទ្វារ តាំងពីដើមសីហាមក រកឃើញថា មានទោសពីបទផ្សំគំនិតក្បត់ ចង់ផ្តួលរដ្ឋអំណាច នាំគេធ្វើសកម្មភាពដែលប៉ះពាល់ដល់សន្តិសុខជាតិ និងបានបង្កើតក្រុមជ្រុលនិយម។ ដោយសារទោសកំហុសនេះ អ្នកស្រីត្រូវជាប់ពន្ធនាគារ ចំនួន ១១ ឆ្នាំ ចំណែកតំណាងបក្សប្រឆាំងម្នាក់ទៀត ដែលអ្នកស្រី Maria Kolesnikova ធ្វើការជាមួយត្រូវជាប់ពន្ធនាគារ ចំនួន ១០ឆ្នាំ។ ការកាត់ទោសដាក់ពន្ធនាគារអ្នកស្រី Maria Kolesnikova រងការរិះគន់ និងបរិហារពីគ្រប់ទិសទី។ សហភាពអឺរ៉ុបបានចាត់ទុកទង្វើរបស់បេឡារុសថា បានប្រមាថ “សិទ្ធិមនុស្ស” យ៉ាងងងើល។ ចំណែកបែរឡាំងវិញ បានបរិហារថា ជាការកាត់ទោសយ៉ាងអយុត្តិធម៌។ ត្រូវតែបញ្ឈប់ទង្វើបង្ក្រាបនេះភ្លាម! នេះជាការទាមទារ របស់អង់គ្លេស។ គេមិនអាចបំភ្លេចសេចក្តីក្លាហានរបស់អ្នកស្រី Maria Kolesnikova ដែលសម្រេចចិត្តមិន ចាកចេញពីប្រទេស ទោះបីមានការគំរាមកំហែងជាប់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរបានទេ។ នេះជាសេចក្តីថ្លែងការណ៍របស់អង្គការ Amnesty International។ សូមបញ្ជាក់ថា អ្នកស្រី Maria Kolesnikova ជាមេដឹកនាំចលនាប៉ះបោរម្នាក់ក្នុងចំណោមមេដឹកនាំចលនា ៣ នាក់ ដែលបាននាំគ្នាធ្វើបាតុកម្ម កាលពីរដូវក្តៅ ឆ្នាំ២០២០ ដើម្បីបរិហារប្រឆាំងនឹងការជាប់ឆ្នោតជាថ្មីរបស់លោកប្រធានាធិបតី លូកាឆេនកូ ដែលកាន់អំណាច នៅបេឡារុស តាំងពីឆ្នាំ១៩៩៤ មក។ ជាការបាតុកម្មតវ៉ាទ្រង់ទ្រាយធំមិនធ្លាប់មាន ដែលអាជ្ញាធរបានបង្ក្រាប និងចាប់ខ្លួនបាតុករជាច្រើនរយនាក់។ អ្នកស្រីបានជាប់ឃុំឃាំងក្នុងពន្ធនាគារ តាំងពីខែកញ្ញា ឆ្នាំ២០២០ចំណែកមេដឹកនាំចលនា ពីរនាក់ផ្សេងទៀត បានរត់ភៀសខ្លួនចេញពីប្រទេស ក្រោមសម្ពាធរបស់អាជ្ញាធរ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here