តើលុយយ័នចិននឹងជំនួសលុយដុល្លារអាមេរិក?

0
117

ក្រោយសង្គ្រាមលោកលើកទីពីរ លុយដុល្លារអាមេរិកបានក្លាយជាលុយបម្រុងអន្ដរជាតិ ឬ រូបិយប័ណ្ណបម្រុងអន្ដរជាតិ ជំនួសលុយផោន អង់គ្លេស។ ក្នុងប្រវត្តិសាស្រ្ដមនុស្សជាតិ លុយជាតិរបស់ប្រទេសមួយនឹងក្លាយជាលុយបម្រុងអន្តរជាតិ នៅពេលណាប្រទេសនោះមានសេដ្ឋកិច្ចធំជាងគេបំផុត។ ទៅថ្ងៃខាងមុខ ប្រសិនបើសេដ្ឋកិច្ចចិនធំជាងសេដ្ឋកិច្ចអាមេរិក តើលុយយ័នចិននឹងជំនួសលុយដុល្លារអាមេរិកដែរឬយ៉ាងណា? នាពេលបច្ចុប្បន្ន យោងតាមការស្ទង់មតិរបស់ធនាគារ The Bank for International Settlements ចំណែកចរាចរណ៍នៃលុយយ័ន ក្នុងប្រតិបត្តិការប្តូរប្រាក់បរទេសបានកើនឡើងពីតិចជាង ០,១% ក្នុងឆ្នាំ២០០៤ ដល់ ២% ក្នុងឆ្នាំ២០១៩។ ចរាចរណ៍លុយយ័ននៅកម្រិតតិចតួចណាស់ បើប្រៀបធៀបទៅនឹងលុយដុល្លារអាមេរិក ដែលមានការចរាចរណ៍ ៤៤ភាគរយនៃប្រតិបត្តិការប្តូរប្រាក់បរទេសទូទាំងពិភពលោក។ លុយអឺរ៉ូ តំណាងប្រហែលជិត ៤០% បន្ទាប់មក លុយយ៉េនជប៉ុន និងលុយផោនអង់គ្លេស តំណាងប្រហែល ៥%។ ក្នុងទិន្នាការរបៀបនេះ លទ្ធភាពនៃការកើនឡើងការប្រើប្រាស់លុយយ័នចិន ហាក់នៅមានដំណើរវែងឆ្ងាយទៀត។ អំឡុងមួយទសវត្សរ៍ចុងក្រោយ ក្រៅពីការកើនឡើងទំហំសេដ្ឋកិច្ចចិន គេក៏សង្កេតឃើញអំពីហានិភ័យផ្សេងៗ ដែលអាចគំរាមកំហែងដល់តួនាទីរបស់ដុល្លារអាមេរិក ជាឧទាហរណ៍ ការប្រើប្រាស់អាវុធដុល្លារខុសឆ្គងពីសំណាក់អាមេរិកខ្លួនឯងផ្ទាល់ និងការកើនឡើងការប្រើប្រាស់លុយឌីជីថល។ សហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងទទួលបាន “ឯកសិទ្ធិដ៏លើសលប់” ឬជាភាសាបរទេស “Exorbitant Privilege” ព្រោះថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុងអន្តរជាតិរបស់ពិភពលោក។ ក៏ប៉ុន្តែទៅថ្ងៃខាងមុខ ប្រទេសផ្សេងទៀតអាចនឹងចង់ងាកចេញ ប្រសិនបើដុល្លារអាមេរិកត្រូវរងការគំរាមកំហែង។ ជារឿយៗ រដ្ឋាភិបាលអាមេរិកតែងតែដាក់ចេញទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសផ្សេងៗ ដោយប្រើប្រាស់យន្តការប្រាក់ដុល្លារអាមេរិក។ ប៉ុន្តែប្រសិនបើការគំរាមកំហែងនេះមានទំហំធំពេក នៅក្នុងក្រសែភ្នែកប្រទេសដទៃទៀត ការព្យាយាមធ្វើយ៉ាងណាប្រើប្រាស់មធ្យោបាយថ្មីក្រៅពីដុល្លារអាមេរិកនឹងកើនឡើង។ បណ្ដាប្រទេសអាស៊ី ដូចជា ចិន កម្ពុជា ថៃ សិង្ហបុរី ជប៉ុន និងកូរ៉េខាងត្បូង កំពុងនាំមុខគេក្នុងការស្រាវជ្រាវ សាកល្បង និងការដាក់ចេញឱ្យប្រើប្រាស់ប្រព័ន្ធលុយឌីជីថល ឬ លុយអេឡិចត្រូនិករបស់ធនាគារកណ្ដាល។ ប្រឈមនឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ ល្បឿនការចង់ឱ្យមានប្រព័ន្ធលុយឌីជីថលនេះកាន់តែកើនឡើងផងដែរ។ សម្រាប់ប្រទេសចិន វាមិនមែនជារឿងថ្មីនោះទេ ក្នុងការប្រើប្រាស់លុយឌីជីថល។ ប្រជាជនចិនរាប់រយលាននាក់កំពុងប្រើប្រាស់សេវាកម្ម Alipay និង WeChat Pay ដោយស្កេនលេខកូដ QR នៅលើអេក្រង់ស្មាតហ្វូនរបស់ខ្លួន ជំនួសលុយក្រដាស។ លុយយ័នឌីជីថលក៏អាចមានដំណើរការដូចគ្នា ប៉ុន្តែវាខុសគ្នាត្រង់លុយយ័នឌីជីថលត្រូវបានបង្កើតឡើងផ្ទាល់ដោយធនាគារកណ្ដាលចិន។ ការសាកល្បងប្រើប្រាស់លុយឌីជីថលរបស់ប្រទេសចិន អំឡុងបុណ្យចូលឆ្នាំចិនឆ្នាំនេះ បានបង្កើនល្បឿននៃការប្រើប្រាស់លុយឌីជីថលរបស់ធនាគារកណ្ដាលក្នុងប្រទេសអាស៊ី ស្របនឹងការប្រឈមវិបត្តិជំងឺកូវីដ១៩។ លុយយ័នឌីជីថលរបស់ប្រទេសចិន ប្រហែលជាមានសក្តានុពលធំបំផុតក្នុងការជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ដោយពិចារណាលើមហិច្ឆតារបស់រដ្ឋាភិបាលចិន ក្នុងការធ្វើឲ្យលុយយ័នរបស់ខ្លួន ក្លាយជាលុយអន្តរជាតិធំមួយ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here