អាជ្ញាធរជាតិអប្សរា កំពុងសាងសង់ស្ពានបេតុងថ្មី ២កន្លែង ជំនួសស្ពានចាស់ ដែលមានសភាពទ្រុឌទ្រោម ស្ថិតនៅក្នុងស្រុកពួក ខេត្តសៀមរាប !

0
321

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បាននឹងកំពុងសាងសង់សំណង់ស្ពានបេតុងថ្មីចំនួន ២កន្លែង ជំនួសឱ្យស្ពានចាស់ ដែលមានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូច ដែលមានហានិភ័យខ្ពស់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាននោះ។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៦ ខែកញ្ញានេះថា ស្ពានទាំង២ រួមមាន÷ ទី១ ស្ថិតនៅលើប្រឡាយរំដោះទឹកជំនន់ ក្នុងភូមិរហាល ឃុំដូនកែវ ស្រុកពួក ដែលមានបណ្តោយ ២៦ម៉ែត្រ, ទទឹង ៤ម៉ែត្រ និងទី២ ស្ថិតនៅចំណុចឆ្លងស្ទឹងព្រះស្រុក ក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ដែលមានប្រវែង ២២ម៉ែត្រ និងទទឹង ៤ម៉ែត្រ។

លោក បានបន្ថែមថា ស្ពានទាំង២នេះ ក្រៅពីមានសារ:សំខាន់ សម្រាប់ជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាជន ក្នុងឃុំដូនកែវ និងឃុំល្វា វាក៏ជួយដល់ការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព ក្នុងការរំដោះទឹកជំនន់ពីតំបន់អង្គរ ក្រុងសៀមរាប និងទីរួមស្រុកពួក ទៅស្ទឹងពួក និងស្ទឹងព្រះស្រុក ធ្លាក់ចុះទៅបឹងទន្លេសាប។ លោក ក៏បានបញ្ជាក់ឱ្យដឹងដែរថា ថ្នាក់ដឹកនាំ និងក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា មានផែនការយ៉ាងសកម្ម និងមមាញឹក ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ បានសម្រេចយ៉ាងច្រើនទាំងនៅក្នុងតំបន់ប្រាសាទ និងនៅតំបន់ទ្រនាប់ នៃការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ជាក់ស្ដែងដូចមានភស្តុតាង ស្ពានទាំងពីរកន្លែងនេះជាដើម៕

ប្រភព : ក្រសួងព័ត៌មាន

LEAVE A REPLY

Please enter your comment!
Please enter your name here