តាលីបង់និយាយថាអង្គការសហប្រជាជាតិសន្យាផ្តល់ជំនួយបន្ទាប់ពីជួបជាមួយមន្រ្តីនៅទីក្រុងកាប៊ុល

0
97

អ្នកនាំពាក្យតាលីបង់លោកស៊ូហាអ៊ីលសាហឿន (Suhail Shaheen) បាននិយាយថា​ មន្រ្តីជាន់ខ្ពស់តាលីបង់បានជួបប្រជុំគ្នានៅទីក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យទី ៥ ខែកញ្ញាជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ដែលបានសន្យាថានឹងរក្សាជំនួយសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន។ ​ លោក Mullah Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់តាលីបង់និងមន្រ្តីផ្សេងទៀតបានជួបលោក Martin Griffiths ខណៈអាហ្វហ្គានីស្ថានប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏មហន្តរាយដែលបង្កឡើងដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរនិងសេដ្ឋកិច្ចដួលរលំ។​ លោក Shaheen បាននិយាយនៅលើបណ្តាញសង្គមធ្វីតធឺថា​​ “គណៈប្រតិភូអង្គការសហប្រជាជាតិបានសន្យាបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្គានីស្ថានដោយនិយាយថាលោកនឹងអំពាវនាវរកជំនួយបន្ថែមដល់អាហ្វហ្គានីស្ថានក្នុងអំឡុងពេលកិច្ចប្រជុំបណ្តាប្រទេសម្ចាស់ជំនួយនាពេលខាងមុខនេះ” ។

អាហ្វហ្គានីស្ថានដែលជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោកបានធ្លាក់ចូលទៅក្នុងវិបត្តិដោយការបញ្ចប់ជំនួយបរទេសរាប់ពាន់លានដុល្លារភ្លាមៗបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិចនិងជ័យជំនះរបស់តាលីបង់កាលពីខែមុន។ លោក Shaheen បាននិយាយថាពួកតាលីបង់បានធានាដល់គណៈប្រតិភូអង្គការសហប្រជាជាតិអំពី “កិច្ចសហប្រតិបត្តិការនិងការផ្តល់មធ្យោបាយចាំបាច់” ។ អង្គការសហប្រជាជាតិត្រូវបានគេរំពឹងថានឹងរៀបចំសន្និសីទជំនួយអន្ដរជាតិមួយនៅទីក្រុងហ្សឺណែវនៅថ្ងៃទី ១៣ ខែកញ្ញាដើម្បីជួយបញ្ចៀសនូវអ្វីដែលអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាន់តូនីញ៉ូហ្គូទែរែរស៍​ (Antonio Guterres) ហៅថា “មហន្តរាយមនុស្សធម៌ដែលកំពុងកើតមាន” ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here