លោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា ប្រកាសថា លោកនឹងមិនឈរឈ្មោះជានាយករដ្ឋមន្ត្រីម្តងទៀតទេ នៅពេលចប់អាណត្តិ

0
59

លោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា បានប្រកាសប្រាប់អ្នកកាសែតកាលពីថ្ងៃទី៣ ខែកញ្ញាថា លោកចង់ទុកកម្លាំង និងពេលវេលា ដើម្បីដោះស្រាយបញ្ហាវិបត្តិជម្ងឺឆ្លងកូវីដ១៩ ដែលកំពុងអង្រួនប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះដូច្នេះលោកនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោត ជ្រើសរើសប្រធានគណបក្សសេរីប្រជាធិបតេយ្យ (PLD) នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះទេ។ លោកបញ្ជាក់ថា កិច្ចការដឹកនាំគណបក្ស គឺតម្រូវឲ្យចំណាយពេលវេលា និងថាមពលច្រើនណាស់ ដែលធ្វើឲ្យលោកត្រូវតែបង្ខំចិត្តសម្រេចបោះបង់ចោល ដើម្បីផ្តុំកំលាំង និងពេលវេលាគិតគូរពីបញ្ហាកូវីដ១៩ វិញ។ លោកនាយករដ្ឋមន្ត្រីជប៉ុន លើកឡើងថា នៅសប្តាហ៍ក្រោយ លោកនឹងធ្វើសន្និសីទកាសែតមួយទៀត ទាក់ទិននឹងបញ្ហានេះ។ យោងតាមការស្ទាបស្ទង់មតិ ក្នុងការបោះឆ្នោតផ្ទៃក្នុងគណបក្ស គឺលោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា ពិតជាមានសង្ឃឹមថា អាចជាប់ជាប្រធានបក្សម្តងទៀត។ ការដែលលោកបានសម្រេចចិត្តមិនឈរឈ្មោះនេះ មានន័យថា លោកបានសម្រេចចិត្តបោះបង់បេក្ខភាពលោកក្នុងនាមជានាយករដ្ឋមន្ត្រីមួយអាណត្តិទៀត។ ក្នុងវ័យ ៧២ឆ្នាំ លោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា បានចូលមកកាន់តំណែងបន្តពីលោក ស៊ីនហ្សូ អាបេ នៅខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីលោក ស៊ីនហ្សូ អាបេ បានលាចេញពីតំណែងដោយសារបញ្ហាសុខភាព។ មានការគាំទ្រខ្លាំងពេលដំបូងពីសំណាក់ប្រជាជនជប៉ុន ប៉ុន្តែប្រជាប្រិយភាពរបស់លោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា បានធ្លាក់ចុះខ្លាំង ប្រមាណ ១ឆ្នាំមកនេះ ដោយសារតែបញ្ហាជំងឺឆ្លងកូវីដ ១៩។ យោងតាមការស្ទាបស្ទង់មតិចុងក្រោយ រដ្ឋាភិបាលរបស់លោកបានទទួលការពេញចិត្តពីសំណាក់ ប្រជាជនជប៉ុនមិនដល់ ៣០%ផង។ ប្រជាជនជប៉ុនភាគច្រើនបានរិះគន់រដ្ឋាភិបាលរបស់លោក ដែលមានៈចង់រៀបចំកម្មវិធីប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ខណៈដែលវិបត្តិជំងឺឆ្លងកូវីដ១៩ មានស្ថានភាពធ្ងន់ធ្ងរ ជាងនេះទៀត យុទ្ធនាការចាក់វ៉ាក់សាំងបង្ការនៅជប៉ុន បានដំណើរការទៅយ៉ាងយឺតយ៉ាវបំផុត។ អ្នកដែលនឹងឡើងមកធ្វើជាប្រធានគណបក្សសេរីប្រជាធិបតេយ្យ ក្រោយការបោះឆ្នោតថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ គឺនឹងអាចឡើងជានាយករដ្ឋមន្ត្រីជប៉ុន ដោយសារតែគណបក្សនេះ មានសម្លេងភាគច្រើននៅក្នុងសភាស្រេចទៅហើយ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here