ហេតុអ្វីបានជាពួកតាលីបង់បន្តអូសបន្លាយការបង្កើតរដ្ឋាភិបាលថ្មី?

0
76

ការប្រយុទ្ធគ្នាកំពុងបន្តមានរវាងពួកតាលីបង់ និងកម្លាំងរណសិរ្សតស៊ូជាតិ នៅជ្រលងភ្នំផាន់ឈៀរ ដែលដឹកនាំដោយកូនប្រុសរបស់សពអតីតមេបញ្ជាការទ័ពលោក ម៉ាស៊ូ។ បច្ចុប្បន្ន កម្លាំងរណសិរ្សតស៊ូជាតិទទួលបានការចូលរួមពីកម្លាំងទ័ពរបស់អតីតរដ្ឋាភិបាលអាហ្វហ្កានីស្ថាន នៅពេលដែលក្រុងកាប៊ុលធ្លាក់ក្នុងដៃតាលីបង់។ជ្រលងភ្នំផាន់ឈៀរ ជាតំបន់ព្រៃភ្នំមួយ មានចម្ងាយប្រមាណជា ៨០គីឡូម៉ែត្រ ពីទីក្រុងកាប៊ុល ដែលជាតំបន់ពិបាកចូល និងធ្លាប់ជាទីតាំងរបស់ចលនាតស៊ូប្រឆាំងនឹងសហភាពសូវៀត និងពួកតាលីបង់។ នេះជាលើកទី២ ហើយដែលជ្រលងភ្នំផាន់ឈៀរ បានក្លាយជាតំបន់តស៊ូប្រឆាំងនឹងការឡើងកាន់អំណាចលើកទី២ របស់ពួកតាលីបង់ ព្រោះតែពួកតាលីបង់មិនចង់ទុកឲ្យជ្រលងភ្នំផាន់ឈៀរនេះ ស្ថិតនៅក្រៅការគ្រប់គ្រងរបស់ខ្លួនឡើយ។ កាលពីថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ពួកតាលីបង់បានបញ្ជាក់ពីការរំកិលទៅមុខ ដោយវាយដណ្តើមបានទីតាំងមួយចំនួនរបស់កម្លាំងរណសិរ្យតស៊ូជាតិ ឯខាងក្រុមអ្នកតស៊ូវិញ អ្នកនាំពាក្យរបស់កម្លាំងរណសិរ្សតស៊ូជាតិលោក អាលី ម៉េសាំ ណាហ្សារី បានធានាថា ការតស៊ូបន្តមាន និងគ្មានថ្ងៃបរាជ័យទេ។ សង្រ្គាមរវាងពួកតាលីបង់ និងកម្លាំងរណសិរ្សតស៊ូជាតិនេះ ត្រូវបានមេបញ្ជាការកងទ័ពអាមេរិកឧត្តមសេនីយ Mark Milley នៅក្នុងបទសម្ភាសន៍មួយឲ្យទូរទស្សន៍ Fox News កាលពីថ្ងៃសៅរ៍ ទី៤ ខែកញ្ញា លើកឡើងថា ជាលក្ខខណ្ឌនៃការឈានទៅផ្ទុះសង្រ្គាមស៊ីវិលនៅអាហ្វហ្កានីស្ថានជាយថាហេតុ។ មានពីរចំណុច ដែលឧត្តមសេនីយអាមេរិកលោក Mark Milley ចង់និយាយគឺ ទី១ ជាសង្រ្គាមស៊ីវិលរវាងភាគីជម្លោះផ្ទៃក្នុងអាហ្វហ្កានីស្ថានសុទ្ធសាធ និងទី២ សង្រ្គាមស៊ីវិលមួយនេះ ជាឱកាសដែលអនុញ្ញាតឲ្យអង្គការអាល់កៃដា ចាប់កកើតឡើងវិញ ឬ មួយអនុញ្ញាតឲ្យអង្គការរដ្ឋអ៊ីស្លាមពង្រឹងកម្លាំង និងឥទ្ធិពលកាន់តែខ្លាំង ឬ មួយក៏អនុញ្ញាតឲ្យមានការចាប់កំណើតថ្មីនូវក្រុមភេរវនិយមផ្សេងទៀត។ ជិត ៣សប្តាហ៍ក្រោយទទួលបានអំណាចជាថ្មី ពួកតាលីបង់នៅមិនទាន់បានប្រកាសពីសមាសភាព នៃរដ្ឋាភិបាលថ្មីរបស់ខ្លួននៅឡើយទេ។ ការអូសបន្លាយដែលត្រូវបានគេមើលឃើញថា ប្រហែលជាមានហេតុផលចំនួនពីរ គឺ ទី១ ពួកតាលីបង់កំពុងជាប់ដៃនឹងការប្រយុទ្ធតទល់នឹងកម្លាំងរណសិរ្សតស៊ូជាតិ នៅជ្រលងភ្នំផាន់ឈៀរ និងទី២ ពួកតាលីបង់កំពុងបន្តនិយាយមិនចុះសម្រុងគ្នាក្នុងការបែងចែកអំណាច ដែលតាមគម្រោងពួកតាលីបង់ត្រូវប្រកាសរដ្ឋាភិបាលថ្មី តាំងពីថ្ងៃសុក្រ ទី៣ ខែកញ្ញាមកម្ល៉េះ។ តាមលោក នីកូឡា ហ្គោសេ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានការពារជាតិក្នុងក្រុងព្រុចសែល ប្រទេសបែលហ្សិក បានបញ្ជាក់ថា ការលើកឡើងរបស់ពួកតាលីបង់ថា កំពុងជាប់ដៃវាយយកទីតាំងចុងក្រោយរបស់កម្លាំងរណសិរ្សតស៊ូជាតិ នៅជ្រលងភ្នំផាន់ឈៀរ គ្រាន់ជារនាំងមួយ ដើម្បីបិទបាំងការពិតប៉ុណ្ណោះ។ លោកបន្តថា ការលើកពេលប្រកាសរដ្ឋាភិបាលថ្មីជាបន្តបន្ទាប់របស់ពួកតាលីបង់ពេលនេះ គឺមកពីពួកតាលីបង់និយាយមិនចុះសម្រុងគ្នាក្នុងការបែកចែកអំណាច៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here