លោក ចូ បៃដិន ផ្តើមនីតិវិធីបញ្ចេញឯកសារសម្ងាត់ ក្នុងរឿងភេរវកម្មថ្ងៃ១១ កញ្ញា ២០០១

0
272
President Joe Biden speaks from the State Dining Room of the White House in Washington, Friday, Sept. 3, 2021, on the August jobs report. (AP Photo/Susan Walsh)

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយស្នើឲ្យក្រសួងយុត្តិធម៌ពិនិត្យលើឯកសារ ស្តីពីការស៊ើបអង្កេតរបស់ប៉ូលិសសហព័ន្ធ ទាក់ទងនឹងរឿងភេរវកម្ម ថ្ងៃ១១ កញ្ញា ២០០១។ អ្វី ដែលលោក បៃដិន ចង់បានតាមរយៈការសម្រេចចិត្តនេះ គឺការបញ្ចេញឯកសារសម្ងាត់ជាសាធារណៈ នៅ រយៈពេល ៦ខែខាងមុខ។ ការសម្រេចរបស់លោក បៃដិន បានធ្វើឡើង ខណៈដែលអាមេរិកកំពុងត្រៀមរម្លឹកខួប ២០ឆ្នាំនៃមហាភេរវកម្មវាយប្រហារលើអាគារពាណិជ្ជកម្មទាំងពីរ នៅញូយ៉ក និងលើក្រសួងការពារជាតិក្នុងក្រុងវ៉ាស៊ីនតោន។ «នៅពេលខ្ញុំឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ខ្ញុំបានសន្យាធានាពីតម្លាភាព ទាក់ទងនឹងការបញ្ចេញឯកសារសម្ងាត់ ស្តីពីអំពើភេរវកម្មថ្ងៃ១១ កញ្ញា ២០០១ ប្រឆាំងនឹងអាមេរិក» នេះជាសំណេរនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ប្រធានាធិបតី។ លោក បៃដិន ចង់បង្ហាញពីការគោរពពាក្យសន្យារបស់លោក នៅក្នុងសម័យឃោសនាបោះឆ្នោតឆ្នាំ២០២០ ដែលធានាពីតម្លាភាព ចំពោះក្រុមគ្រួសារជនរងគ្រោះនៅក្នុងមហាភេរវកម្ម កាលពី ២០ឆ្នាំមុន។ នៅក្រោយមហាភេរវកម្មថ្ងៃ១១ កញ្ញា ២០០១ មានក្រុម គ្រួសារមួយចំនួនរបស់ជនរងគ្រោះបានប្តឹងប្រទេសខ្លះ ក្នុងនោះមាន អារ៉ាប៊ីសាអូឌីត ទៅតុលាការ ពីបទរួមគំនិតនៅក្នុងភេរវកម្ម ថ្ងៃ១១ កញ្ញា ២០០១។ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានយល់ឃើញថា ឯកសារនៃការស៊ើបអង្កេតរបស់ប៉ូលិសសហព័ន្ធអាមេរិក ដែលខ្លួនបានទាមទារអស់ជាច្រើនឆ្នាំកន្លងមក អាចយកទៅប្រើជាភស្តុតាងនៅមុខតុលាការ។ ជិត ២០ឆ្នាំក្រោយ មហាភេរវកម្មថ្ងៃ១១ កញ្ញា ២០០១ រដ្ឋបាលអាមេរិកបន្តបន្ទាប់តែងបានលើកឡើងពីកិច្ចការសម្ងាត់របស់រដ្ឋ ដើម្បីបញ្ជាក់ពីការបដិសេធមិនបញ្ចេញឯកសារសម្ងាត់ ស្តីពីការស៊ើបអង្កេតក្នុងព្រឹត្តិការណ៍ ១១ កញ្ញា ២០០១ ប៉ុន្តែលោក បៃដិន ជាប្រធានាធិបតីទី១ ដែលចង់ទម្លាយនូវអាថ៍កំបាំងទាំងនេះជាសាធារណៈ។ តែការបញ្ចេញឯកសារសម្ងាត់នេះ នឹងមិនធ្វើឡើងជាលក្ខណៈ ស្វ័យប្រវត្តិទេ មានន័យថា ព័ត៌មានសម្ងាត់ណា ដែលនឹងអាចប៉ះពាល់ដល់សន្តិសុខជាតិនឹងត្រូវបន្តរក្សាទុកជាព័ត៌មានសម្ងាត់ដដែល៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here