បន្ទាប់ពី​ពិនិត្យ​វះកាត់​-​សុខភាព នៅ​បារាំង សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​មកដល់​កម្ពុជា​វិញ​ហើយ​

0
143

ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​មកដល់ ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ នេះ បន្ទាប់ពី​សម្តេច បាន​អញ្ជើញ​ទៅ ពិនិត្យ​សុខភាព នៅ​ប្រទេស​បារាំង អស់​រយៈពេល ២​សប្តាហ៍​។

​នៅក្នុង​អំឡុងពេល ដែល​សម្តេច​ក្រឡាហោម ស ខេង កំពុង​ពិនិត្យ​សុខភាព នៅ​ប្រទេស​បារាំង គឺមាន​ក្រុមមន្ត្រី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​មេខ្លោង​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី បាន​ផ្សព្វផ្សាយ ព័ត៌មាន​ក្លែងក្លាយ កុហក​បោកប្រាស់ បំភ្លៃ​បំប៉ោង​ការពិត​ថា សម្តេច​ក្រឡាហោម ស ខេង បាន​ជួប​មន្ត្រី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បារាំង​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា នេះ​ថាៈ “​សម្តេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា នេះ ។ សម្តេច​អញ្ជើញ​ទៅ​បារាំង ពិនិត្យ​ព្យាបាល
​សុខភាព​របស់គាត់​”​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​ខុទ្ទកាល័យ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា បាន​ឲ្យ​ដឹងថាៈ បន្ទាប់ពី​បាន​អញ្ជើញ​ធ្វើដំណើរ ទៅកាន់​សាធារណរដ្ឋ​បារាំង អស់​រយៈពេល ២ សប្ដាហ៍ ក្នុង​ធុរៈ​ផ្ទាល់ខ្លួន ដើម្បី​ពិនិត្យ​សុខភាព និង​ក្រោយពី​ទទួល ការវះកាត់​ដោយ​ជោគជ័យ ពី​វេជ្ជបណ្ឌិត​បារាំង សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​និវត្តន៍ មកដល់​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​សុវត្ថិភាព នា​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ ។​

​ខុទ្ទកាល័យ បានបញ្ជាក់​ថាៈ បច្ចុប្បន្ន សម្ដេច​ក្រឡាហោម ស ខេង កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ស្របតាម​គោលការណ៍ សុខាភិបាល​របស់ រាជរដ្ឋាភិបាល​កម្ពុជា ។​

​យោងតាម​សេចក្តីជូនដំណឹង របស់​ខុទ្ទកាល័យ សម្តេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថាៈ ដោយ​មានធុរៈ​ផ្ទាល់ខ្លួន និង​បានទទួល ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​ត​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ធ្វើដំណើរ ទៅកាន់​សាធារណរដ្ឋ​បារាំង ចាប់ពី​ថ្ងៃទី ២២ ខែ សីហា រហូតដល់​ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ​២០២១ ។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បដិសេធ និង​ទាត់ចោល​ចំពោះ​ព័ត៌មាន ដែល​ក្រុមប្រឆាំង បាន​ផ្សព្វផ្សាយ នៅលើ​បណ្តាញ​សង្គម​ថា សម្តេច​ក្រឡាហោម ស ខេង ជួប​ជាមួយ​លោក​សម រង្ស៊ី សម្រេច​បង្កើត​រដ្ឋាភិបាល បណ្តោះអាសន្ន​មួយ គឺជា​ព័ត៌មាន​មិន​ពិត ហើយ​សមត្ថកិច្ច កំពុងតែ​ស្រាវជ្រាវ ចាប់ខ្លួន​ជនល្មើស ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ កាលពី​ថ្ងៃទី​២៩ ខែសីហា ថាៈ “​ព័ត៌មាន​នេះ គឺជា​ព័ត៌មាន ដែល​ជនល្មើស បាន​បំផុស នៅក្នុង​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន ដែលជា​ព័ត៌មាន​មិន​ពិត សូម​ទាត់ចោល​នៅ​ព័ត៌មាន​នេះ​។ សមត្ថកិច្ច​របស់​យើង កំពុងតែ​ដំណើរការ​ស្រាវជ្រាវ ចាប់ខ្លួន​ជនល្មើស ដើម្បី​យកមក​ផ្តន្ទាទោស តាមច្បាប់ រួមទាំង​អ្នក​ស៊ែរ (Share) ផង​។ អ្នកខ្លះ Share ដោយ​ចេតនា អ្នកខ្លះ Share ដោយ​បញ្ហា ឬក៏​បញ្ហា​អី​មួយ ឬក៏​មូលហេតុ​អី​មួយ ក៏ប៉ុន្តែ​ឲ្យ​តែមាន​ធាតុ​ផ្សំ នៃ​បទល្មើស​អាស្រ័យ ទៅលើ​តុលាការ ជា​អ្នក​វិនិច្ឆ័យ​”​។​

​ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ កុំ​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់ ឬក៏ Share ពីព្រោះ​នេះ មិនមែនជា​ព័ត៌មាន​ពិតប្រាកដ​ទេ ពិសេស​ប្រជាពលរដ្ឋ ដែល​គាំទ្រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កុំ​ចាប់អារម្មណ៍ និង​កុំ Share ចំពោះ​ព័ត៌មាន ដែល​មិន​ពិត​នេះ​។​

​ទាក់ទង​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​ក្រឡាហោម ស ខេង នៅ​បារាំង អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៣ ខែសីហា បាន​បដិសេធថា សម្ដេច​ក្រឡាហោម ស ខេង គ្មាន​គម្រោង​ជួប​ជាមួយ​ក្រុម​ន្ត្រី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​បារាំង​នោះទេ ។ ការបដិសេធ​របស់​អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន VOD បាន​ចុះផ្សាយ​ថា មន្ត្រី​អតីត​បក្សប្រឆាំង​ថា ខ្លួន​មាន​គម្រោង​ជួប​ពិគ្រោះ​យោបល់ ក្រៅផ្លូវការ ជាមួយ​សម្តេច​ក្រឡាហោម ស ខេង នៅ​បារាំង​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here