នៅក្នុងសួនសត្វមួយ ឪពុកលេីកដៃចង្អុលទៅស្វាដែលកំពុងតែធ្វេីមាត់ស្ញេញស្ញាញនៅក្នុងទ្រុង ព្រមទាំងនិយាយថា៖ “កូនឯងដឹងទេ នេះគេហៅថាសត្វស្វា វាគឺជាសត្វដែលធ្វេីឱ្យមនុស្សយេីងសប្បាយរីករាយ បានច្រើនយ៉ាងណាស់!”
ឪពុកនិយាយបណ្ដើរ គាត់បោះសណ្ដែកដី ទៅក្រោយខ្នងស្វា ភ្លាមនោះស្វាក៏ត្រឡប់ខ្លួនហក់ទៅពាំសណ្ដែកដី ហេីយញ៉ុកចូលមាត់ ទំពាឡេីងញាប់ស្មេ។ អាកប្បកិរិយារបស់វា ក្រមិចក្រមើម ញេញធ្មេញ ញាក់ចិញ្ចេីម… មេីលទៅគួរឱ្យអស់សំណើចជាខ្លាំង។
គាត់បោះសណ្ដែកដីឱ្យស្វាមិនឈប់ ឯស្វាក៏ធ្វេីតាមលំនាំដេីម… បានសណ្ដែកដីស៊ីខ្លួនឯងខ្លះ បោះទៅឱ្យកូនស្វាតូច ដែលនៅជិតខ្លួនស៊ីខ្លះ រហូតអស់សណ្ដែកដីមួយថង់ធំ។
រួចហើយឪពុកកូនក៏ដេីរចេញ គាត់បន្តរៀបរាប់ប្រាប់កូនថា “ស្វាជាសត្វដែលគិតថាខ្លួនឯងឆ្លាត… តាមពិតទៅ ពួកយេីងបង្វិលក្បាលវាលេងបានតាមចិត្ត ពិតជាគួរឱ្យសង្វេគខ្លាំងណាស់។
នៅក្នុងទ្រុង មេស្វាបានចង្អុលមនុស្សដែលនៅក្រៅទ្រុង ហេីយប្រាប់ទៅកូនស្វាថា៖ “ចាំទុកណាកូន នេះគេហៅថាសត្វមនុស្ស វាជាសត្វដែលចាំបង្កភាពសប្បាយរីករាយដល់ពួកយេីង!”
កូនស្វាសួរទៅមេវាថា “ហេតុអីក៏ម៉ែ ហក់លោតទៅពាំសណ្ដែកដី ដែលគេបោះឱ្យអញ្ចឹង? ម៉េចក៏មិនយកដៃចាប់តែម្ដងទៅ?”
មេស្វាតបដោយមោទនភាពថា “បេីម៉ែប្រេីដៃចាប់ កូនគិតទៅមេីល តេីគេនឹងបោះសណ្ដែកដី ឱ្យយេីងស៊ីទៀតទេ?” កូនស្វាក៏សរសេីរមេស្វាថា “ម៉ែនេះពូកែអស់ទាស់តាម៉ង!”
មេស្វាក៏អធិប្បាយសរុបថា៖ “មនុស្សគឺជាសត្វ ដែលគិតថាខ្លួនឆ្លាត… តាមពិតទៅ ពួកយេីងបង្វិលក្បាលលេងប៉ុណ្ណឹងហេីយ នៅមិនដឹងខ្លួនទៀត!”
អុញ!! អ្នកណាឆ្លាតជាងអ្នកណា??
គតិអប់រំ
អ្នកណាគិតថាយេីងដូចម្តេច មិនសំខាន់ដូចអ្វីដែលមាននៅក្នុងខ្លួនយេីងនោះទេ។
ព្រោះអ្វីដែលនៅក្នុងខ្លួន គឺធាតុពិតតែមួយគត់ដែលយេីងមាន ហេីយយេីងក៏មិនចាំបាច់ចំណាយពេលឥតប្រយោជន៍ ដេីម្បីកែតម្រូវឱ្យអ្នកដទៃ មេីលឃេីញពីយេីង ថាល្អ ឬឆ្លាតវៃនោះដែរ។
អ្វីដែលយេីងត្រូវធ្វេី គឺដុសខាត់សម្បជញ្ញៈរបស់យេីង ដោយភាពប្រាកដនិយម៕
ដកស្រង់ពីសៀវភៅប្រាជ្ញាជីវិត
#Mindbooks