នៅក្នុងពិភពលោកនេះ តើពិតជាមានការចាប់ជាតិវិញមែនឬ?

0
79

គ្រួសារលោក John និង Florence Pollock រស់នៅក្នុងទីក្រុង Hexham នៅប៉ែក ឦសាននៃប្រទេសអង់គ្លេស ។ នៅឆ្នាំ ១៩៤៦ អ្នកទាំងពីរបានកូនស្រីមួយដែលគេដាក់ឈ្មោះអោយថា Joanna ។ បន្ទាប់មកទៀត នៅឆ្នាំ ១៩៥១ អ្នកទាំង ២ បានកូនស្រីមួយទៀតដែលគេអោយឈ្មោះថា Jacqueline ។ ក្មេងស្រីទាំង ២ នេះ ស្រលាញ់គ្នាណាស់ ហើយ Joanna ជាបងតែងមើលថែទាំប្អូនស្រីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ដូចជាម្តាយ ។ ក្មេងទាំង ២ លេងជាមួយគ្នា គេងជាមួយគ្នា ហើយទៅណាតែងទៅជាមួយគ្នា ( រូប ១ ) ។

នៅខែ ឧសភា ឆ្នាំ ១៩៥៧ ពេលដែល Joanna អាយុបាន ១១ ឆ្នាំ និង Jacqueline ៦ ឆ្នាំ គ្រោះចង្រៃបានមកដល់ ។ ក្មេងស្រីទាំង ២ រួមទាំងក្មេងប្រុសម្នាក់ទៀតដែលជាអ្នកជិតខាងបាននាំគ្នាដើរទៅវិហារក៏ស្រាប់តែត្រូវឡានមកបុកទាំងកម្រោល​ ។ អ្នកបើកឡានគឺជានារីម្នាក់ដែលទើបត្រូវតុលាការមិនព្រមអោយយកកូនទៅរស់នៅជាមួយខ្លួន ។ នារីនេះដំបូងឡើយប្រុងបើកឡានបំបុកសម្លាប់ខ្លួនតែនៅពេលឃើញកុមារទាំង ៣ នាក់នេះ ក៏សម្រេចចិត្តបើកបំបុកក្មេងទាំង ៣ នេះតែម្តង ( នារីនេះត្រូវគេយកទៅដាក់នៅពេទ្យសរសៃប្រសាទទៅ ) ។ Joanna និង Jacqueline ត្រូវស្លាប់នៅនឹងកន្លែង ឯក្មេងប្រុសម្នាក់ទៀតនោះបានស្លាប់នៅមន្ទីរពេទ្យ ។

សោកនាដកម្មនេះបានសង្កត់លើគ្រួសារ Pollock យ៉ាងធ្ងន់ធ្ងរ ពិសេសចំពោះ Florence ជាម្តាយ ។ John ដែលជាឪពុកពិតមែនតែមានទុក្ខតែគាត់តែងនិយាយថា កូនស្រីទាំង ២ របស់គាត់មិនទៅណាឆ្ងាយទេ ហើយគាត់ជឿថាកូនគាត់ទាំង ២ នេះ នឹងមកចាប់ជាតិឡើងវិញ ។ ជំនឿរបស់លោក John រមែងបង្កជាទំនាស់ញឹកញាប់ជាមួយប្រពន្ធរបស់គាត់ដែលយល់ថាជំនឿរបស់ John វាផ្ទុយទៅនឹងប្រណិប័តន៍សាសនាកាតូលិករបស់មហាជន​ ។​ ទំនាស់នេះ មានរហូតសឹងតែឈានដល់ទៅការលែងលះគ្នាម្តងៗ ផងដែរ ។

នៅឆ្នាំ ១៩៥៨ Florence មានទម្ងន់ម្តងទៀត ។ John ជឿថាកូនស្រីទាំង ២ របស់ខ្លួនមកចាប់កំណើតវិញហើយ តែគ្រូពេទ្យបានប្រាប់ថាការពិនិត្យពោះគឺមានកូនតែមួយទេ ហើយ Florence ជាអ្នកពពោះក៏និយាយយ៉ាងនោះដែរ ។​ នៅថ្ងៃទី ៤ តុលា ១៩៥៨ Florence បានសម្រាលកូនមិនមែន ១ ទេ តែគឺកូនស្រីភ្លោះទៅវិញ ដែលធ្វើអោយទាំងអស់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។​​ John និង Florence ដាក់ឈ្មោះកូនមួយថា Gillian និង មួយទៀត Jennifer ។ អ្វីដែលចំលែកគឺកូនភ្លោះ ទាំង ២ មានសញ្ញាដៅដូចគ្នា លើកន្លែងដូចគ្នាទៅនឹងសញ្ញាដៅ របស់ Joanna និង Jacqueline ថែមទៀត ។ ចំណុចមួយទៀត គឺនៅពេលដែល Jacqueline នៅរស់ ពេលនាងអាយុ ៣ ឆ្នាំ នាងបានដួលហើយមានទុកស្នាមលើចិញ្ចើម ចំណែកឯ Jennifer កើតមកនាងមានស្នាមលើចិញ្ចើមចំកន្លែងដែល Jacqueline មាន ។

នៅពេលដែលកូនទាំង ២ មានអាយុ ៩ ខែ គ្រួសារ Pollock បានរើផ្ទះទៅនៅ Whitley Bay ព្រោះមិនចង់នៅកន្លែងដែលកើតមានសោកនាដកម្មពីមុន ។ នៅពេលដែលកូនទាំង ២ ចាប់ផ្តើមធំបន្តិច និង ចេះនិយាយខ្លះៗហើយនោះ ក្មេងទាំង ២ ចាប់ផ្តើមនិយាយពីល្បែងលេងដែលវាមិនដែលឃើញសោះ ពិសេសទៅទៀតគឺវានិយាយពីគ្រឿងល្បែងលេងមួយចំនួនរបស់ Joanna និង Jacqueline ដែលគេទុកចោលក្នុងទូមិនដែលយកចេញក្រៅសោះតាំងពីក្មេងទាំង ២ ទទួលមរណភាពមក ។​ អ្វីដែលចម្លែកណាស់ទៅទៀត​គឺនៅពេលគេយកល្បែងលេងទាំងនោះមកអោយ​​ ក្មេងទាំង ២ ចែកល្បែងលេងអោយគ្នាតាមចំណូលចិត្តដូច Joanna និង Jacqueline បេះបិទ ។

កូនភ្លោះទាំង ២ ( រូប ២ ) ស្រលាញ់គ្នា និង មានចំណង់ចំណូលចិត្តដូចបងទាំង ២ របស់ខ្លួនពីមុនសុទ្ធសាធ ចាប់តាំងពីម្ហូបទទួលទានប្រចាំថ្ងៃឡើង ។​ ហើយពិតមែនតែ Gillian កើតមុន Jennifer តែ ១០ នាទីមុនក៏ដោយ តែនាងមើលថែទាំ និង ការពារ ប្អូនដូចពេល កាល Joanna នៅរស់ ។​ ក្មេងទាំង ២ នៅចាំច្បាស់ពីទីក្រុង Hexham ទោះជាពួកនាងមិនដែលបានរស់នៅទីនោះក្តី ។ រហូតដល់ថ្ងៃមួយ ក្មេងភ្លោះទាំង​២ និយាយពីរឿងឡានបុកដែលឪពុកម្តាយ ឬ អ្នកដទៃណាមួយនិយាយពីរឿងនេះប្រាប់សោះ ។ ហើយក្មេងទាំង ២ ខ្លាចឡានណាស់ ទោះជាមិនអាចនិយាយប្រាប់គេថាមកពីអ្វីក៏ដោយ ។

ប៉ុន្តែចាប់ពីអាយុ ៥ ឆ្នាំឡើង ការចងចាំនេះបានបាត់បន្តិចម្តងៗរហូតលែងមានសេសសល់នៅជាមួយនារីកូនភ្លោះទាំង ២ នាក់នេះទៀត ។

Medium Daily Digest ថ្ងៃទី ៥ កញ្ញា ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here